សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១៨ នៅក្នុងខេត្តពោធិ៍សាត់


(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា បានប្រគេនទៀនព្រះវស្សា និងទេយ្យទានមួយចំនួនដល់វត្ត​ចំនួន១៨ នៅក្នុងខេត្តពោធិ៍សាត់។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានសម្រាប់ព្រះសង្ឃត្រៀមចូល​ព្រះវស្សានាពេលខាងមុខនេះ ត្រូវបានអញ្ជើញរៀបចំឡើងដោយអ្នក​ឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានបក្ស​ប្រជាជនកម្ពុជា និងអ្នកឧកញ៉ា គៀន ស្រីនាង នៅឯគេហដ្ឋានក្នុង​ស្រុក​​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០​២៣។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោកឪពុក អ្នកម្តាយ​របស់អ្នកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ថ្នាក់​ដឹក​នាំ និងបុគ្គលិកក្រុម ព្រមទាំងញាតិមិត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

ក្នុងពិធីដ៏សែនរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លានោះ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានបូជាទៀនធូបផ្កាភ្ញី ដល់​ព្រះ​រតនត្រ័យ។ បន្ទាប់មកតាអាចារ្យក៏បានដឹកនាំធ្វើកិច្ចតាមពិធី​សាស​នា រួមមានការធ្វើបទនមសការព្រះរតនត្រ័យ សមាទានសីលជា​ដើម​ និងការប្រគេនទៀនព្រះវស្សា និងទេយ្យទានទៅដល់វត្តទាំង១៨។

បន្ទាប់ពីការវេរប្រគេននូវទៀនព្រះវស្សា និងទេយ្យទានហើយនោះ ព្រះ​សង្ឃក៏បានសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យសិរីសួស្តីទាំងឡាយកើតមានទៅដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នក​ឧក​ញ៉ា និងម្ចាស់ទៀន ហើយក៏សូមឧទ្ទិសកុសលផលបុណ្យ​ទាំង​ឡាយ​បាន​ដល់ញាតិការដែលបានចែកឋាន។

ការប្រគេទៀនព្រះវស្សា ជាប្រពៃណី និងជាទំនៀមទម្លាប់មួយរបស់​ប្រជា​​ពុទ្ធបរិស័ទខ្មែរ តែងតែធ្វើឡើងនៅមុនការចូលមកដល់នៃបុណ្យ​ចូល​ព្រះ​វស្សា។ បុណ្យចូលព្រះវស្សានៅឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃ​ទី​២ ខែសីហា ឆ្នាំ២០២៣។ បុណ្យចូលព្រះវស្សាដែលមានរយៈពេល​ប្រមាណជា៣ខែនេះ ជាពេលវេលាមួយដែលព្រះសង្ឃពិបាកនិមន្ត​បិណ្ឌ​​បាត្រព្រោះជារដូវភ្លៀង។ អាស្រ័យហេតុនេះហើយ ទើបប្រជាពុទ្ធ​បរិ​ស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀនព្រះវស្សាសម្រាប់អុជបំភ្លឺ​ក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យទានផ្សេងៗសម្រាប់ជា​ចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្តបិណ្ឌបាត្រនេះ។

ជារៀងរាល់ឆ្នាំមុនការចូលមកដល់ថ្ងៃបុណ្យចូលព្រះវស្សា សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែង​បានរៀបចំប្រគេនទៀន​ព្រះវស្សា និងទេយ្យទានគ្រប់ទីអារាម​នៅ​ទូទាំងប្រទេស និយាយដោយ​ឡែកសម្រាប់ខេត្តពោធិ៍សាត់ តាមរយៈអ្នកឧកញ៉ា ទ្រី ភាព ក៏តែងតែ​បាន​ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តនានាមិនដែលខាន​នោះ​ឡើយ។

វត្តទាំង១៨ ដែលត្រូវបានរៀបចំប្រគេនទៀនព្រះវស្សា និងទេយ្យទាន​នា​ព្រឹកមិញនេះ មកពីក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង។

ក្នុងពិធីនោះ ក្រៅតែពីប្រគេនទៀនព្រះវស្សាក្នុងមួយវត្តមួយគូហើយ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏មានសទ្ធា ទេយ្យទានផ្សេងៗទៀតរួមមាន៖ បច្ច័យបួនសម្រាប់ព្រះសង្ឃ ១៨អង្គ ក្នុងមួយអង្គ ១,៧៦០,០០០រៀល បច្ច័យសម្រាប់ចង្ហាន់ព្រះសង្ឃ​ក្នុង​មួយ​វត្ត ១,០០,០០០រៀល លាង ១៨កញ្ចប់ សម្ភារៈសិក្សា ១៨​កញ្ចប់ អង្ករក្នុងមួយវត្ត ១០០គីឡូក្រាម មី ទឹកដោះគោខាប់ ត្រីខកំប៉ុង សាច់ជ្រូកផាត់ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកផ្លែឈើ ទឹកបរិសុទ្ធ។

ក្រៅតែពីការប្រគេនទៀនព្រះវស្សា និងទេយ្យទានទៅតាមទីអារាម និង​ព្រះសង្ឃហើយនោះ ក្នុងពិធីនាព្រឹកមិញនេះ ក៏មានការរៀបចំចែកទាន​ដល់​លោកយាយលោកតា ៣៤០នាក់ ក្នុង ១នាក់ទទួលបានថវិកា ១០ម៉ឺនរៀល និងក្រម៉ា២ផងដែរ។

បន្ថែមពីលើនោះ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បានរៀបចំចង្ហាន់ថ្ងៃត្រង់ប្រគេនព្រះសង្ឃទាំង១៨អង្គ និងជូនដល់​លោក​យាយលោកតា ដែលបានអញ្ជើញចូលរួមក្នុងពិធីនោះផងដែរ។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានត្រូវបានប្រព្រឹត្តទៅក្រោម​បរិយាកាស​​ដ៏សែន​សប្បាយរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លា។ លោកយាយលោកតា ក៏បានសម្តែងក្តីត្រេកអរចំពោះការទទួលបាននូវ​ទាន​កើតចេញ​ពី​ទឹកចិត្តដែលជាសទ្ធាដ៏ជ្រះថ្លានោះ៕