អ្នកឧកញ៉ា គិត ម៉េង ស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកើនល្អ មា​នជាង ៥៤៦លានដុល្លារ


(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី បង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី (AusTrade) នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស្អិតរមួត។

ការស្នើនេះធ្វើឡើងក្នុងឱកាសអ្នកឧកញ៉ា អញ្ជើញចូលរួម និងថ្លែសុន្ទរកថា ក្នុងកម្មវិធីជួបជុំសំណេះសំណាល វាងវិស័យឯកជនកម្ពុជា និងបេសកជនពិសេសរបស់អូស្ត្រាលី សម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺ លោក នីកូឡាស មូ (Nicolas Moore) ដែលប្រព្រឹត្តទៅនៅនិវេសនដ្ឋាន ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

កម្មវិធីនោះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់អូស្ត្រាលី សមាជិកសភាពាណិជ្ជកម្មកម្ពុជា តំណាងសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម និង ក្រុមហ៊ុនកម្ពុជាសរុបជាង ៨០នាក់។

កម្មវិធីជួបជុំនេះ ប្រារព្ធឡើងក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា របស់បេសកជនពិសេសរបស់អូស្ត្រាលី ក្នុងគោលបំណងពង្រឹងចំណងទាក់ទង ជាមួយវិស័យឯកជនកម្ពុជា ដើម្បីជំរុ្ញពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអូស្ត្រាលី។

ថ្លែងក្នុងឱកាសនៃកម្មវិធីនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច មកកាន់កម្ពុជារបស់ បេសកជនពិសេសរបស់អូស្ត្រាលី និង បានគូសបញ្ជាក់អំពីទំនាក់ទំនាក់ដ៏ល្អប្រសើរ រវាងប្រទេសអូស្ត្រាលីនិងកម្ពុជា ដែលមានចំណងកាទូតចាប់តាំងពីឆ្នាំ១៩៥២មក ដែលក្នុងនោះ អូស្ត្រាលីបានជួយគាំទ្រក្នុងដំណើរការសន្តិភាពនៅកម្ពុជា ក្នុងអំឡុងទសវត្សឆ្នាំ ១៩៨០ និង ១៩៩០ ដែលជាការរួមចំណែកកសាងគ្រឹះស្ថិរភាព បច្ចុប្បន្នរបស់កម្ពុជា។

អ្នកឧកញ៉ាសម្តែងនូវទឹកចិត្តរីករាយចំពោះ ការដាក់ចេញនូវយុទ្ធសាស្ត្រីសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ២០៤០ របស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការដៅយកកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគដែលកំពុងស្ទុះឡើង ហើយអាស៊ាន គឺជាកន្លែងសម្រាប់ធ្វើធុរកិច្ចនាពេលអនាគត ដោយមានកំណើនសេដ្ឋកិច្ចលឿនជាងគេក្នុងពិភពលោកជាមួយនឹងប្រជាជនសរុបជាង ៦៦០ លាននាក់ និង ផលទុនជាតិសរុប ៣,៦៦ ទ្រីលានដុល្លារ។ ជាពិសេសជាងនេះទៀតកម្ពុជា គឺស្ថិតនៅចំកណ្តាលនៃតំបន់នេះ។

អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ពាណិជ្ជកម្ម និងវិនិយោគរវាង កម្ពុជា និងអូស្ត្រាលីបន្តកើនឡើងជានិច្ច និងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អុស្ត្រាលីណូវែលហ្សេឡង់ និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ។ កម្ពុជា គឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេមួយក្នុងតំបន់ ដែលឆ្នាំ២០២៣ នេះ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ ក្នុងអត្រា៥.៦%។ បច្ចុប្បន្នមាន ក្រុមហ៊ុនអូស្ត្រាលីជាច្រើន កំពុងប្រកបអាជីវកម្មនៅកម្ពុជា។

អ្នកឧកញ៉ា គាំទ្រដល់ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ទៅលើគ្រប់
វិស័យ ជាពិសេស កសិកម្ម សុខាភិបាល ធនធាន និងវិស័យអប់រំ។ ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចធុរកិច្ចទៅកាន់អូស្ត្រាលី និងស្វាគមន៍គណៈប្រតិភូធុរកិច្ចអូស្ត្រាលី បំពេញទស្សកិច្ចនៅកម្ពុជា។

សូ​មជម្រាបថា នៅក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី សម្រេចបានប្រមាណជាង ៥៤៦ លានដុល្លារ ពោលគឺកើនឡើង ៦៥% ធៀបនឹងឆ្នាំ ២០២១។ នេះសរបញ្ជាក់ថាសក្តានុពលនៃកិច្ចសហប្រតិបត្តិការ គឺមានទំហំធំ៕