ពិធីសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្តសង្កេតការណ៍ការប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡង ២១ សីហា ២០១៧


រាជធានីភ្នំពេញ ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រារព្ធពិធីសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្តសង្កេតការណ៍ការប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡង ៖ ២១ សីហា ២០១៧ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក សុះ មុះសិន តំណាងសហភាពសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តសង្កេតការណ៍ការប្រឡងប្រមាណជាង៣០០០នាក់។
សូមជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២១ សីហា ២០១៧ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា) រួមមានបេក្ខជនទាំងអស់សរុបចំនួន ១០៣ ១១២ នាក់ និងមានមណ្ឌលប្រឡងចំនួន ១៧៨ មណ្ឌល ចែកចេញជា ៤ ១៥៥ បន្ទប់ ទូទាំងប្រទេស នឹងប្រឡងប្រកាសលទ្ធផលនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត។