ថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោត! ឯកឧត្តម កែ គឹមយ៉ាន បន្តជួបសមាជិក និងប្រជាពលរដ្ឋជិត៣០០០នាក់ នៅស្រុកថ្មពួក សូមបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីសន្តិភាព និងការអភិវឌ្ឍ


(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជានៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន ក្នុងនាមសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ព្រមទាំងប្រជាពលរដ្ឋស្រុកថ្មពួក ដែលបានផ្តល់ជំនឿជឿជាក់គាំទ្រលើគោលមាគ៌ា ដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់សម័យកាលបោះឆ្នោត និងសូមបន្តដើម្បីបន្តកសាង និងអភិវឌ្ឍប្រទេសឲ្យរីកចម្រើននិងសូមស្វាគមន៍បងប្អូនក្មួយៗ ដែលមាននិន្នាការគណបក្សនយោបាយផ្សេងៗទៀត ដែលបានមកចូលរួមគាំទ្រ និងរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារតែមួយ ដើម្បីសុខដុមនីយកម្មសហគមន៍ និងអភិវឌ្ឍមូលដ្ឋាន «ទឹកត្រជាក់ ត្រីកុំ»។

ក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បានថ្លែងបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកើតឡើងដោយសារប្រជាជន ពលិកម្មរាល់អ្វីៗទាំងអស់ដើម្បីប្រជាជនរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ការពារកម្មសិទ្ធិស្របច្បាប់របស់ប្រជាជន ដំឡើងប្រាក់ឈ្នួល និងលើកកម្ពស់លក្ខណ្ឌការងាររបស់កម្មករ និយោជិក មិនយកពន្ធលើដីកសិកម្មលក្ខណៈគ្រួសារ បន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចដើម្បីប្រជាជនមានជីវភាពធូរធារ និងមានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ជាមួយនឹងការស្ម័គ្របម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវសមាជិក ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ដើម្បីដើម្បីបន្តភាពរីកចម្រើនរុងរឿងរបស់យើងទាំងអស់គ្នា៕