ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ផ្លូវគឺជានិមិត្តរូបនៃក្តីសង្ឃឹម សម្រាប់អនាគត


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook និង Telegram បានបង្ហោះវីដេអូឃ្លីបមួយ ដោយដាក់ចំណងជើងថា «ផ្លូវគឺជានិមិត្តរូបនៃក្តីសង្ឃឹម»។

ឯកឧត្តមបានលើកឡើងថា​ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងកសាងផ្លូវស្ពានខ្វាត់ខ្វែង ប្រទាក់ក្រឡាពីតំបន់មួយទៅតំបន់មួយ និងសាងសង់កាន់តែមានគុណភាពល្អ គឺដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងធ្វើដំណើរ ផ្តល់ជម្រើសកាន់តែច្រើនដល់ពួកគាត់។

ឯកឧត្តមបណ្ឌិតបានលើកឡើងដូច្នេះថា «ផ្លូវជាក្តីសង្ឃឹម មានផ្លូវច្រើន គឺមានសង្ឃឹមច្រើន មានន័យថាយើងមានជម្រើសច្រើន ក្នុងការជ្រើសរើសអនាគត ផ្លូវសំដៅទៅអនាគត បើអត់ផ្លូវយើងពិបាក។ បើអត់ផ្លួវអ្នកដែលមានលទ្ធភាពឆ្លងកាត់តិចណាស់ បើមានទឹក អ្នកដែលមានទូកទើបឆ្លងបាន អ្នកអត់មានទូកហែលមិនស្រួលលង់ទៀត តែបើមានផ្លូវអាចធ្វើដំណើរបាន។ ផ្លូវកាន់តែច្រើន កាន់តែមានច្រើន ផ្លូវល្អ ផ្លូវបេតុង ផ្លូវកៅស៊ូ ជានិមិត្តរូបនៃក្តីសង្ឃឹមដែលកាន់តែរឹងមាំយូរអង្វែង។ ការកសាងផ្លូវ ទំហំផ្លូវ ប្រភេទផ្លូវ វាឆ្លុះបញ្ចាំងអំពីការរីកចម្រើននៅមូលដ្ឋាន»