ឯកឧត្តម ថេង ច័ន្ទសង្វារ៖ មានតែគណបក្សប្រជាជនតែមួយគត់​ដែលអាចធានាថាប្រទេសជាតិ​ គ្មានបដិវត្ត ដែលនាំទៅដល់ការបែកបាក់ជាតិ​និងភាពអន្តរាយ វឹកវរសារជាថ្មីម្តងទៀត


(ត្បូងឃ្មុំ)៖ ឯកឧត្តម ថេង ច័ន្ទសង្វារ អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកត្បូងឃ្មុំ បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់​ ដែលមានបទ​ពិសោធន៍គ្រប់គ្រាន់​ អាចធានាថា ប្រទេសជាតិ​គ្មានបដិវត្ត ដែល​នាំទៅដល់ការបែកបាក់ជាតិ​និងភាពអន្តរាយ វឹកវរសារជាថ្មី ដូចក្នុងអតីតកាលម្តងទៀត។

ការថ្លែងបែបនេះរបស់ឯកឧត្តម ថេង ច័ន្ទសង្វារ បានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកបក្ស និងផ្សព្វផ្សាយគោលនយោបាយ គណបក្ស  និងណែនាំ ពីរបៀបគូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ នៅក្នុងភូមិពងទឹក និងភូមិច័ន្ទនិមិត្ត ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា តែងតែរួមរស់សុខទុក្ខ ជាមួយប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ  តាំងពីដំណាក់កាល រំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ ដ៏ឃោរឃៅ និងការបែកបាក់ជាតិ សាសន៍ រហូតដល់ទទួលបានសន្តិភាព ពេញលេញ ឯកភាពជាតិ និងភាពសុខដុមរមនា ដូចបច្ចុប្បន្ន។ សមិទ្ធផលដ៏ថ្លៃថ្លាមាននេះជាមូលដ្ឋានគ្រឹះ​ដើម្បីធានា​វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា ហើយថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជា នឹងបន្តរក្សា​សន្តិភាព លំនឹងសង្គមសេដ្ឋកិច្ច​ និងអភិវឌ្ឍ​មាតុភូមិ ​ឆ្ពោះទៅរក​វិបុលភាពមួយ​កម្រិតថែមទៀត។

ឯកឧត្តមប្រធានក៏បានថ្លែងអំពាវនាវ ដល់សមាជិកគណបក្សប្រជាជនកម្ពុជា នៅក្នុងភូមិទាំងពីរ ដែលមានសិទ្ធិបោះឆ្នោត  ត្រូវគូសលើសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ និងសូមអញ្ជើញ​ទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមាន​រូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨ ឱ្យបាន​គ្រប់គ្នា ដើម្បីជាកិត្តិយស ដល់ភូមិឃុំ ដែលបងប្អូនរស់នៅ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំ​ដល់សមាជិក​គណបក្ស គ្រប់រូបឱ្យត្រៀមអត្តសញ្ញាណបណ្ណ សម្រាប់​ការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ក្នុងករណីមានការបាត់បង់ ឬខូចខាត ត្រូវទាក់ទងទៅកាន់​មេភូមិនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីសម្របសម្រួល ធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ដើម្បីអាច​បោះឆ្នោតបាន ។

អង្គពិធីទាំងមូល បានប្រកាសគាំទ្រ ជាឱឡារិកសម្តេច​តេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕