ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលគិតផលប្រយោជន៍ជាតិ ដើម្បីឱ្យបក្ខពួករបស់សម្តេច គឺប្រជាជនខ្មែរ ១៧លាននាក់ មានជីវភាពរស់នៅល្អ និងសម្បូរសប្បាយ


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook ផ្លូវការ បានបង្ហោះនូវវីដេអូខ្លីមួយ ដែលដាក់ចំណងជើងថា «តើអ្នកណាខ្លះជាបក្ខពួករបស់សម្តេចតេជោ?»។

ក្នុងវីដេអូខ្លីនេះ ឯកឧត្តមបណ្ឌិតបានពន្យល់ថា​ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលគិតផលប្រយោជន៍ជាតិជាធំ ហើយដាក់គោលដៅអភិវឌ្ឍន៍សម្រាប់ប្រជាជនមានជីវភាពធូរធារ ដោយមិនគិតពីប្រយោជន៍ខ្លួនឡើយ ហើយបក្ខពួករបស់សម្តេច គឺជាប្រជាជនខ្មែរ ១៧លាននាក់។

ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំដែលគិតផលប្រយោជន៍ជាតិ ហើយដាក់គោលដៅអភិវឌ្ឍន៍ សម្រាប់ប្រជាជនមានបាន មិនគិតពីប្រយោជន៍ខ្លួន ។ ឥឡូវគេជេរសម្តេចតេជោថា គិតពីផលប្រយោជន៍ខ្លួន បក្ខពួកខ្លួន បក្ខពួកសម្តេច គឺប្រជាជន ១៧លាននាក់នៅកម្ពុជា បក្ខពួកសម្តេចមិនមែនប្រទេសណាទេ សម្តេចធ្វើមិនមែនសម្រាប់បរទេសណាទេ សម្តេចធ្វើសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ១៧លាននាក់ បើថាសម្តេចធ្វើបក្ខពួក បក្ខពួកសម្តេច ១៧លាននាក់។ ប្រជាជនយើងមាន ១៧លាននាក់ ស្អែកអាចឡើងកើន ឆ្នាំក្រោយអាចកើនដល់១៨លាននាក់ ដូច្នេះបក្ខពួកសម្តេច ឡើង១៨លាននាក់។ គេនិយាយត្រូវហើយ សម្តេចធ្វើដើម្បីបក្ខពួក ហ៊ានប្រឈមនឹងបរទេស ដើម្បីផលប្រយោជន៍ជាតិ ដើម្បីបក្ខពួកខ្លួន ១៧លាននាក់ ដែលជាប្រជាពលរដ្ឋខ្លួនឯង ធ្វើសាលារៀនក៏ដើម្បីបក្ខពួក ដែលជាប្រជាពលរដ្ឋ មានកូនត្រូវសិក្សា។ កូនខ្មែរជាបក្ខពួកសម្តេច ព្រោះសម្តេចជាមេដឹកនាំ ត្រូវទទួលខុសត្រូវ នៅក្នុងជីវភាពរស់នៅ និងភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតនិន្នាការខ្មែរទាំងអស់ លោកត្រូវទទួលខុសត្រូវ នោះហើយបក្សពួកសម្តេច១៧លាននាក់»