(កំពង់ធំ)៖ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំដាំកូនឈើចំនួន៤០០ដើម ទុកជាអនុស្សាវរិយ៍នៅបរិវេណវិទ្យាល័យតាំងក្រសាំងសន្ទុក ខេត្តកំពង់ធំ។
ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏ មានសារៈសំខាន់ណាស់ មិនសម្រាប់តែទ្រទ្រង់ជីវិតមនុស្ស សត្វ ការពារការបំរែបំរួលអាកាសធាតុ កាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែព្រៃឈើបានផ្ដល់ភាពបៃតង បរិយាកាសស្រស់បំព្រង ទុកជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយថែមទៀតផង។
លោកអភិបាលស្រុកសន្ទុកបានឲ្យដឹងថាកូនឈើដែលនាំយកមកដាំពេលនេះ មានចំនួន៤០០ដើម ជាប្រភេទកូនឈើធ្នង់ កូនឈើទាល កូនឈើក្រញ៉ូង និងកូនឈើគគីរ។
ឯកឧត្តម ជា ចាន់តូ បានរំលឹកទៅកាន់អ្នកចូលរួមដាំកូនឈើឲ្យបានដឹងថា ការរួមគ្នានៅដាំដើមឈើពេលនេះ ជាមួយការបង្កើតជាអនុស្សាវរីយ៍ល្អៗ នោះក៏ដើម្បីអបអរដល់រុក្ខទិវា៩កក្កដា ព្រោះថា រុក្ខទិវា៩កក្កដាត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើងឲ្យធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចំបងដើម្បីឲ្យមានការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ និងអភិរក្សវិស័យព្រៃឈើនៅកម្ពុជា។
ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់បន្ថែមទៀតថា ព្រៃឈើ មានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់មនុស្សសត្វមានជីវិតទាំងឡាយ ហើយត្រូវបានចាត់ចូលជាធនធានកើតឡើងវិញ ព្រោះព្រៃឈើអាចកើតពីប្រភពមិនចេះរីងស្ងួត ឬកកើតជាអចិន្ត្រៃយ៍ ឬលូតលាស់បានលឿន។ ក្រៅពីផ្តល់ជាជម្រកដ៏ប្រសើរ សម្រាប់សត្វគ្រប់ប្រភេទ ព្រៃឈើក៏នៅមានផ្តល់នូវឧស្ម័នអុកស៊ីសែន សម្រាប់សត្វទាំងនោះដកដង្ហើម ជួយឱ្យបរិយាកាសមានសភាពល្អប្រសើរ មានលំនឹងកម្តៅ ព្រមទាំងបង្កឲ្យមានភ្លៀងធ្លាក់ទៀងទាត់។
ពោលព្រៃឈើជួយរក្សាបរិយាកាស និងជួយកាត់បន្ថយគ្រោះធម្មជាតិដូចជាខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួតផ្សេងៗទៀតផង។ ជាមួយគ្នានេះ ព្រៃឈើក៏ជួយទប់ស្កាត់ការហូរច្រោះដី និងរក្សា និរន្តរភាពទឹកក្រោមដីផងដែរ។
ឯកឧត្តម ជា ចាន់តូ បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ដាំដើមឈើ ថែរក្សាការពារព្រៃព្រឹក្សា សត្វព្រៃបន្ថែមទៀតដើម្បីបង្កលក្ខណៈឲ្យកើតកូន កើតចៅ សម្បូរសប្បាយកើនឡើង ពិសេសរួមគ្នាដាំដើមឈើ តាមទីវត្តអារាមនានាឲ្យក្លាយទៅជាទីមនោរម្យសក្តិសមជាទីដ្ឋា សម្រាប់គោរពបូជា របស់ពុទ្ធសាសនិកជន ហើយការចូលរួមដាំដេីមឈើនាពេលនេះក៏បានបង្ហាញរួមសាមគ្គី និងការផ្សាភ្ជាប់កាន់តែជិតស្និតរវាងយុវជនធនាគារជាតិនៃកម្ពុជា ដែលជារៀមច្បងជាមួយនឹងយុវជននៃវិទ្យាល័យតាំងក្រសាំងផងដែរ៕