សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះនាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ឈាង ដែលបានអបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ញើសារលិខិតពីរដ្ឋធានីប៉េកាំង ដើម្បីអបអរសាទរចំពោះជ័យជម្នះសាជាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងក្នុងសារលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន៖

ឯកឧត្តម!​ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងក្រៃលែងជូនឯកឧត្តមសម្រាប់ការអបអរសាទរយ៉ាងកក់ក្តចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងប្រទេសកម្ពុជានាឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់ខ្ញុំ។

ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយមើលឃើញថា ទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិនបន្តរីកចម្រើនទៅមុខ និងបានវិវឌ្ឍទៅជាមិត្តភាពដែកថែប។ សូមធានាចំពោះឯកឧត្តមថា នៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្តូរឡើយ ដោយផ្អែកលើមិត្តភាពជាប្រពៃណី ការជឿជាក់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ដោយប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ខ្ញុំសូមបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការធ្វើការជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពន្លឿនកិច្ចប្រឹងប្រែងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

សូមឯកឧត្តមទទួលនូវការគោរពរាប់អានពីខ្ញុំ ព្រមទាំងសូមជូនពរឯកឧត្តមបន្តមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច។

គួរជម្រាបថា ឯកឧត្តម លី ឈាង បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱកាសទទួលបានជ័យជម្នះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។ លិខិតអបអរសាទររបស់លោកនាយករដ្ឋមន្ត្រី លី ឈាង ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣៕