តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ចុះសួរសុខទុក្ខ កម្មករ កម្មការិនីដែលជួបគ្រោះថ្នាក់ចរាចរណ៍


ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ អមដំណើរដោយអភិបាលខេត្ត និងក្រុមការងារ បានអញ្ជើញសួរសុខទុក្ខកម្មករ កម្មការិនីដែលជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករដែលបានកើតឡើងនៅក្នុងភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅមន្ទីរពេទ្យបង្អែកខេត្ត នៅថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣។

ក្នុងមនោសញ្ចេតនាអាណិតអាសូរ ដល់អ្នករងគ្រោះ ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមសោកស្តាយចំពោះការរងគ្រោះ និងខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូន និងសូមជូនពរឲ្យជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ។

ជាមួយគ្នានេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្ទីរអង្គភាពពាក់ព័ន្អ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យដែលបានផ្តល់ការយកចិត្តទុកដាក់ជួយសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

ជានិច្ចជាកាល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ រូបនេះតែងមានវត្តមានផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះបញ្ហា និងខ្នះខ្នែងស្វែងរកដំណោះស្រាយភ្លាមៗ។ មិនតែប៉ុណ្ណោះ ឯកឧត្តមតែងតែនៅបន្តតាមដានការងារ ប្រកបដោយការយកចិត្តទុកដាក់ ជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធ្វើយ៉ាងណាអាចដឹងទាន់សភាពការណ៍ និងជួយសម្របសម្រួលបន្ថែម។

សូមជម្រាបថា រថយន្ដដឹកកម្មករមួយគ្រឿងក្រឡាប់ធ្លាក់ផ្លូវ នៅព្រឹកព្រលឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យមនុស្សជាង៦០នាក់រងរបួស។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្ដដឹកកម្មករនេះ អ្នកបើកបរឈ្មោះ គា ទីណា អាយុ២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ (រត់គេចខ្លួន)។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដនេះដឹកកម្មករ-កម្មការិនី សរុបប្រហែលជាង៧០នាក់ បើកបរទិសដៅពីជើងទៅត្បូង ដល់ចំណុចផ្លូវកោងកើតហេតុខាងលើ បានបត់ទៅកើតបណ្ដាលឲ្យរេចង្កូតក្រឡាប់ធ្លាក់បឹងស្រែ។ ករណីនេះ បណ្តាលឲ្យរងរបួសមនុស្សប្រមាណជាង៦០នាក់ ស្រី៥៤នាក់នាក់ ក្នុងនោះរបួសធ្ងន់១០នាក់ និងរបួសស្រាល៥០នាក់ ហើយបានកំពុងបញ្ជូនទៅនៅមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុដើម្បីសង្គ្រោះបន្ទាន់៕