ខេត្តកែប បើកទិវាកីឡាអាស៊ាន ប្រចាំឆ្នាំ២០២៣ តាមផែនការ៥ឆ្នាំរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន


ពិធីបើកទិវាកីឡាអាស៊ាន (ASEAN Sports Day) ប្រចាំឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងនៅឆ្នេរលេងទឹកខេត្តកែប នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមទាំងគណៈប្រតិភូកីឡា និងអ្នកពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះឯកឧត្តម ប៊ូ ជុំសេរី អនុវដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ទិវាកីឡាអាស៊ាន (ASEAN Sports Day) ប្រចាំឆ្នាំ២០២៣ នេះរៀបចំធ្វើឡើង ស្របតាមផែនការ៥ឆ្នាំ របស់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីគាំទ្រយុទ្ធនាការចលនា «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» លើប្រភេទកីឡាជិះកង់ចម្ងាយ ១៥គីឡូម៉ែត្រ, រត់ចម្ងាយ ៥គីឡូម៉ែត្រ និងហាត់ប្រាណ តាមចង្វាក់ភ្លេង ដែលមានអ្នកចូលរួម ប្រមាណ១,២៩៤នាក់ ក្រោមកិច្ចសហការរៀបចំដោយរដ្ឋបាលខេត្តកែប និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានអគ្គនាយកដ្ឋានកីឡាជាសេនាធិការនាពេលនេះ។

ឯកឧត្តមបន្ដថា ក្នុងឆ្នាំនេះដែរ សម្រេចយកខេត្តកែប រៀបចំនូវពិធីនេះ ក្នុងចំណោមខេត្តទេសចរណ៍ដទៃៗទៀត ក្នុងគោលបំណងជំរុញការងារបច្ចេកទេសកីឡាមួយផ្នែក ហើយមួយផ្នែកទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីធ្វើយ៉ាងណាឲ្យខេត្តកែប កាន់តែមានភាពរីកចម្រើនខ្លាំងថែមទៀត។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានលើកបញ្ជាក់ថា តាមរយៈទិវាកីឡាអាស៊ាន នាឱកាសនេះ មិនត្រឹមតែលើកកម្ពស់ វិស័យកីឡា និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកសម្រាក លម្ហែកម្សាន្តក្នុងខេត្តកែប កាន់តែច្រើនបន្ថែមទៀត តាមរយៈព្រឹត្តិការណ៍នេះ និងសូមសហព័ន្ធកីឡា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា អាចកំណត់យកខេត្តកែប ជាខេត្តគោលដៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡា និងទិវាផ្សេងៗផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តកែប សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានជ្រើសយកខេត្តកែបធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំទិវាកីឡាអាស៊ានដ៏មានសារៈសំខាន់នេះ និងជាព្រឹត្តិការណ៍ថ្មីមួយទៀតនៅលើទឹកដីខេត្តកែប៕