ក្នុងជំនួបរវាងសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងរាជរដ្ឋាភិបាលអាណត្តិថ្មីនៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនោះ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសំខាន់ចំនួន៤ រួមមាន៖ ស្ថេរភាពនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបញ្ហាទាំង៤ខាងលើនេះ គឺជាកិច្ចការដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ ជាពិសេសបញ្ហាសេដ្ឋកិច្ច ជាបញ្ហាដែលសាកលលោកកំពុងប្រឈម។
ពាក់ព័ន្ធនឹងជីវភាពប្រជាពលរដ្ឋវិញ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះការសម្រេចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលនៅបន្តកម្មវិធីគាំពារសង្គមនានា ដើម្បីជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ៕