ឯកឧត្តមវេជ្ជ. សុះ មុះសិន និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបង្រៀនវគ្គកាត់ដេរតាមមូលដ្ឋាន ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ


នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល ក្នុងពិធីបើកបង្រៀនវគ្គកាត់ដេរតាមមូលដ្ឋាន ស្ថិតនៅក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អជ្ញាធរមូលដ្ឋាន យុវជន និងគណៈកម្មការ គណៈអុីម៉ាំម៉ាស្ជិទ ។

ឯកឧត្តម មានប្រសាសន៍ថា ៖ ប្រទេសកម្ពុជា្រកោមការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ចកម្ពុជា មានការរីកចំរើនលើគ្រប់វិស័យ ជាពិសេសរដ្ឋាភិបាលថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នឹងបន្តធ្វើឱ្យប្រទេសជាតិកាន់តែរីកចំរើន ទាំងកំណើនសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ។ ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងនៅទីប្រជុំជន និង ជនបទដាច់ស្រយាលក៏មាន លក្ខណៈល្អប្រសើរ ព្រោះកូនចៅដែលនៅក្នុងបន្ទុកទទួលបានការសិក្សាបានខ្ពង់ខ្ពស់និងមានការងារធ្វើសមរម្យ មិនតែប៉ុណ្ណោះ មួយចំនួនទៀតធ្វើការនៅក្នុងក្របខណ្ឌរដ្ឋ ដែលអាចជួយការងារសង្គមបានយ៉ាងច្រើន ។ ចំណែកសាសនា នានា មានការីកចំរើន អាចរួមរស់នៅជាមួយគ្នាក្រោមរដ្ឋធម្មនុញ្ញតែមួយ ក្នុងនោះក៏មានសាសនា ឥស្លាមផងដែរ ។
ឯកឧត្តមក៏បានឲ្យដឹងថា ៖ វគ្គកាត់ដេរនេះ បានបើកឲ្យដំណើរការរយៈពេល ១៣ឆ្នាំ រួចមកហើយ គឺចាប់តាំងពីឆ្នាំ២០០៨ មកម៉្លេះ ដោយមានការឧបត្ថម្ភពីអង្គការ មុស្លិមហែលហ្វិន (Muslim Helfen) នៃប្រទេសអាល្លឺម៉ង់ផ្តល់តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជាហើយក្នុងនោះការបណ្តុះបណ្តាលលើជំនាញកាត់ដេរដោយឥតគិតថ្លៃ នេះ មានទីតាំងខុសៗគ្នាតាមវគ្គបណ្ដុះបណ្ដាលនីមួយៗ ដូចជានៅខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ សរុបសិក្ខាកាមទាំង ១៤វគ្គ ដែលសមាគម បានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកាត់ដេរ មានចំនួន ១៦៨០នាក់ និងបានផ្ដល់ម៉ាស៊ីនដេរជូនសិស្សពូកែចំនួន ២២៥គ្រឿង ។
ឯកឧត្តម បានបញ្ជាក់ថា ៖ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរ គឺក្នុងមួយឆ្នាំចែកចេញជា ២វគ្គ ក្នុងមួយវគ្គមាន ៦ខែ និងមានសិក្ខាកាម ៦០នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដល់ជូនសិក្ខាកាមជានារី សិក្សាដោយឥតគិតថ្លៃ ដែលជាជំនួយរបស់អង្គការ មុស្លិមហេលហ្វិន នៃប្រទេសអាល្លឺម៉ង់ ក្នុងការចំណាយប្រាក់ខែគ្រូបង្រៀន អ្នកសម្របសម្រួល រដ្ឋបាល សម្ភារៈកាត់ដេរ និងការចំណាយផ្សេងៗ រយៈពេល ១ឆ្នាំពេញ ។
សម្រាប់វគ្គបណ្តុះបណ្តាលលើកទី១៤ឆ្នាំ២០២៣- ២០២៤ ស្ថិតនៅទីតាំងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំណាយថវិកាចំនួន ១៨៣៤៦អឺរ៉ូ ហើយសរុបរយៈពេល១៤ឆ្នាំ បានចំណាយថវិកាចំនួន ២២៩៤០៦អឺរ៉ូ ។ គោលបំណង នៃវគ្គសិក្សា គឺដើម្បីជួយសម្រាលបន្ទុក ក្នុងការចំណាយរបស់មាតាបិតា កាត់បន្ថយពេលវេលា និងផ្ដល់ភាពងាយស្រួលដល់សិស្សនារី ព្រោះវគ្គសិក្សានីមួយៗ ត្រូវបានបង្ខិតឲ្យមកជិតក្នុងមូលដ្ឋានផ្ទាល់ជាមួយសិស្សជានារី ។ វគ្គសិក្សានេះ ក៏បានជួយលើកកម្ពស់នារី ឲ្យចេះដេរប៉ាក់ ដេរសម្លៀកបំពាក់សម្រាប់គ្រួសារ អាចក្លាយទៅជាជាងកាត់ដេរ បើកហាងកាត់ដេរ ដែលអាចរកប្រាក់ចំណូលបន្ថែមជូនគ្រួសារ ទោះបីស្ថិតក្នុងកាលៈទេសៈសកលភាវូបនីយកម្មទំនើប បែបណាក៏ដោយ ក៏នៅតែត្រូវការជំនាញនេះជាចាំបាច់ផងដែរ ។
ឯកឧត្តម បានណែនាំដល់សិក្ខាកាមទាំងអស់ដែលបានកំពុងសិក្សាជំនាញកាត់ដេរ ត្រូវយកចំណេះដឹង នឹងជំនាញពិត ទៅប្រកបអាជីវកម្មឲ្យទទួលបានជោគជ័យ ហើយយើងក៏អាចជួយសម្រាលបន្ទុកក្នុងគ្រួសារបានមួយកម្រិត ក្នុងការទាញយកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានចំពោះ ការងារកាត់ដេរ សម្លៀកបំពាក់គឺជាការងារមួយក្នុងចំណោមការងារដ៏ច្រើននៅកម្ពុជាយើង គឺមានការប្រកួតប្រជែងទាំងគុណភាព និងការរចនាម៉ូតសម្លៀកបំពាក់ព្រោះកម្ពុជាបានកាន់របបទីផ្សារសេរី ដូចនេះគឺតែងតែមានការប្រជែងគ្នាក្នុងការប្រកបអាជីវកម្ម ក៏ដូចជារួមចំណែកជាមួយរដ្ឋភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របទៅតាមគោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ថ្មី អាណត្តិទី៧ នេះ ។