បើកដំណើរការវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងភាសាអង់គ្គេស លើកទី១៣ ឆ្នាំ២០២៣ ដោយឥតគិតថ្លៃជូនសិស្សានុសិស្ស និយុវជន នៅខេត្តក្រចេះ


ពិធីបើកដំណើរការវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស លើកទី១៣ ឆ្នាំ២០២៣ ដោយឥតគិតថ្លៃសម្រាប់យុវជន និងសិស្សានុសិស្ស ស្ថិតនៅក្នុងភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងលោកជំទាវ។ ពិធីមានការអញ្ជើញចូលរួម ពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ក្រុមការងារ គណៈគ្រប់គ្រងសាលរៀន លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន យុវជន និងតំណាងសហគមន៍ជាច្រើនរូប។

ឯកឧត្តមបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស ជាគម្រោងផ្នែកអភិវឌ្ឍធនធានមនុស្សមួយដ៏ សំខាន់ដែលបានផ្តល់ឱកាស និងលទ្ធភាពរៀនសូត្រ សម្រាប់ប្អូនៗជាសិស្សានុសិស្ស និងអ្នកគ្មានជំនាញ កុមារនិងយុវជនក្រៅសាលា កុមារដែលលើសអាយុសិក្សា អ្នកបោះបង់ការសិក្សា បានទទួលការបណ្តុះបណ្តាលជំនាញទន់លើជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស ឱ្យមានជំនាញបន្ថែមផ្នែកបច្ចេកវិទ្យាកុំព្យូទ័រ និងភាសាបរទេស ដើម្បីកែលម្អគុណភាពនៃការរស់នៅផ្ទាល់ខ្លួន ព្រមទាំងអាចចាប់យកចំណេះដឹងមូលដ្ឋាននេះទៅ ប្រើប្រាស់ក្នុងជីវភាពរស់នៅ ប្រាស្រ័យទាក់ទងការងារ និងសិក្សាស្រាវជ្រាវនានា ក្នុងបរិបទថ្មីនៃសកលភាវូបនីយកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ជាពិសេសដូចអ្វីដែល សម្តេចតេជោ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងប្រែក្លាយពីយុទ្ធសាស្ត្រចតុកោណ មកជា យុទ្ធសាស្ត្របញ្ចកោណ ដោយបន្ថែមនូវមុំអាទិភាពទី៥ មួយទៀត គឺបច្ចេកវិទ្យា។
វគ្គបណ្តុះបណ្តាលនេះនឹងជួយគាំទ្រ និងសម្រាលបន្ទុកចំណាយរបស់មាតាបិតា កាត់បន្ថយពេលវេលា និងផ្តល់ភាពងាយស្រួលដល់សិស្សជាសិក្ខាកាមអាចចូលរៀនវគ្គ ព្រោះវគ្គនេះត្រូវបានបង្ខិតឱ្យមកជិតក្នុង មូលដ្ឋានផ្ទាល់ជាមួយប្អូនៗ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើន និងបង់ថ្លៃសិក្សា។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេសនេះ បានបើកដំណើរការរយៈពេល ១៣ឆ្នាំ រួចមកហើយ ដោយមានកិច្ចសហការរវាងសមាគមនិស្សិតមុស្លិមកម្ពុជា ជាមួយអង្គការមុស្លិមហែលហ្វិន នៅប្រទេសអាល្លឺម៉ង់ នៅទីតាំងខុសៗគ្នា ដូចជានៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ កំពត និងខេត្តក្រចេះ សរុបសិក្ខាកាមទាំង ១៣វគ្គ ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញទាំងពីរខាងលើ ចំនួន ២ ៣១៨នាក់។