កូនកោងកាង ២៥០០០ដើម បានដាំស្តារក្នុងផ្ទៃដី ៥ហិកតា នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ខេត្តកោះកុង


នៅថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៧ សហគមន៍ការពារធម្មជាតិបឹងកាឆាងបានប្រារព្ឋពិធីដាំកូនកោងកាងក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និងមានការចូលរួមពីមន្រ្តីសាលាខេត្តកោះកុង មន្ទីរបរិស្ថានខេត្ត មន្ទីរសុខាភិបាល អាជ្ញាធរដែនដី ប្រជាសហគមន៍ យុវជនវិស័យបរិស្ថាន យុវជន សសយកទូទាំងខេត្តកោះកុង ចំនួន៣០០នាក់ ។

ឯកឧត្តម ជួប ប៉ារីស មានប្រសាសន៍ថា ការដាំស្តារកូនកោងកាងថ្ងៃនេះដើម្បីដាស់ស្មារតីយុវជនឱ្យចេះស្រឡាញ់ ថែរក្សាព្រៃឈើក៏ដូចព្រៃកោងកាងដែរ ព្រោះព្រៃកោងកាងបានរួម ចំណែកក្នុងការស្រូបកាបូន កាត់បន្ថយការប្រែប្រួលអាកាសធាតុ ។ ព្រៃកោងកាងបានផ្តល់នូវធនធានមច្ឆជាតិ ក្នុងការលើកស្ទួយជីវភាពប្រជាសហគមន៍ សម្បូណ៌ជីវៈចម្រុះ ប្រព័ន្ឋអេកូឡូស៊ី ហើយព្រៃកោងកាងជាអង្គរក្សសមុទ្រដ៍ក្លាហានក្នុងការទប់ស្កាត់ខ្យល់ព្យុះ។ គួរបញ្ជាក់ថាថាកូនកោងកាងដែលដាំនេះ បានគាំទ្រថវិកាពីគម្រោងរបៀងជីវៈចម្រុះមហាអនុតំបន់មេគង្គ នៃធនាគារអភិវឌ្ឍវន៍អាស៊ី ADB ៕