ឯកឧត្តម កែវ រ៉េមី ជួបសំណេះសំណាល និង​ថ្លែងអំណរគុណសមាជិកគណបក្សប្រជាជនកម្ពុជា​នៅឃុំរកា​ និង​នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង


ឯកឧត្តម កែវ រ៉េមី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរកា និងឃុំកំពង់ព្រៀង បានអញ្ជើញសំណេះសំណាល និង​ថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា​ នៅឃុំរកា​ និង​នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ពិធីនេះមានសមាសភាពចូលរួម​ឯកឧត្តម ជិន​ ម៉ាលីន​ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរកា, ឯកឧត្តម ខៀវ តុលា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ព្រៀង ព្រមទាំងមានលោក លោកស្រី សមាជិក សមាជិកា ប្រធានបក្សស្រុកសង្កែ អនុប្រធានបក្សស្រុកសង្កែ អភិបាលរងស្រុកសង្កែ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុសាខាបក្សភូមិ ក្រុមចលនាយុវជនឃុំ អ្នកចូលរួមនៅឃុំរកាប្រមាណ ៣០០នាក់​ និង​នៅឃុំកំពង់ព្រៀងជាង ៣០០នាក់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ។

នាឱកាសនោះដែរ ឯកឧត្តម កែវ រ៉េមី បានលើកឡើងពីការបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កន្លងទៅថ្មីៗនេះ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ តាមលក្ខណៈប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ ដោយប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតប្រមាណ ៨៤.៥៩%។ គ.ជ.ប.បានប្រកាសលទ្ធផលផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ និងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ ជាពិសេសនៅខេត្តបាត់ដំបង គឺបានឈ្នះដាច់តែម្ដង​ ដោយឡែកនៅឃុំរកា គឺឈរនៅលេខ១ ជាឃុំដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេនៅក្នុងស្រុកសង្កែ ហើយឃុំកំពង់ព្រៀង ក៏ទទួលបានជោគជ័យដ៏ត្រចះត្រចង់ផងដែរ។

លទ្ធផលនៃការបោះឆ្នោតនេះ គឺជាសក្ខីភាពបង្ហាញនូវការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីដឹកនាំប្រទេសកម្ពុជាធានារក្សានូវសន្តិភាព និងការអភិវឌ្ឍនានាជាបន្តទៀត។

ឯកឧត្តម កែវ រ៉េមី បានសម្ដែងនូវទឹកចិត្តសោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្រឡាញ់របស់ប្រជាពលរដ្ឋឃុំកំពង់ព្រៀងទាំងអស់ ដែលតែងតែជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមក៏បានថ្លែងអរគុណផងដែរ ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរកាដឹកនាំដោយឯកឧត្តម ជិន​ ម៉ាលីន និងក្រុមការងារឃុំកំពង់ព្រៀង ដឹកនាំដោយឯកឧត្តម ខៀវ តុលា គណៈកម្មាធិការគណបក្សឃុំ លោកមេឃុំកំពង់ព្រៀង។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមការងារក៏បានលើកឡើងនូវសមិទ្ធផលជាច្រើននៅក្នុងឃុំទាំងពីរ ដែលកើតចេញពីកម្លាំងសាមគ្គីរបស់ក្រុមការងារ​ អាជ្ញាធរ​ និងប្រជាពលរដ្ឋ​ មានជាអាទិ៍​ ការស្ដារ និងការជួសជុលឡើងវិញនូវផ្លូវនៅក្នុងភូមិ-ឃុំ និងប្រឡាយទឹក​ ការជួយកសាងរបងសាលា វត្ត ការជួយឧបត្ថម្ភជនក្រីក្រ ជនរងគ្រោះ​ពីទឹកជំនន់ ពិសេសការសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកំពង់ព្រៀង។

ជាចុងក្រោយនេះឯកឧត្តម កែវ រ៉េមី បានលើកទឹកចិត្តឱ្យ​ក្រុមការងារ គណៈកម្មាធិការបក្សឃុំ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ មេប៉ុស្តិ៍ និងក្រុមចលនាយុវជនឃុំ សូមបន្តការងារបម្រើ និងជួយដល់ប្រជាពលរដ្ឋក្នុងនាមជាគណបក្សឈ្នះឆ្នោតដែលមានការគាំទ្រពីប្រជាពលរដ្ឋ និងសូមបង្កើននូវប្រសិទ្ធភាពការងារខ្ពស់បន្តទៅមុខ៕