ឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវ ឃួន ឃុនឌី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នាំយកអំណោយមកចែកជូនកុមារកំព្រាចំនួន៦៤នាក់ នៅមណ្ឌលកុមារកំព្រាបុរីកុមារ


(កំពង់ធំ)៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំនីតិកាលទី៧ បានដឹកនាំកាកបាទក្រហមនៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី បាននាំយកអំណោយមកចែកជូនកុមារកំព្រាចំនួន៦៤នាក់ នៅមណ្ឌលកុមារកំព្រាបុរីកុមារ ក្នុងខេត្តកំពង់ធំ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា នេះគឺជាការផ្តល់បរិយាកាសរស់នៅប្រកបដោយផាសុកភាពដល់កុមារតតូចៗ ដែលបាត់បង់ភាពកក់ក្តៅពីឪពុកម្តាយ ព្រោះវ័យរបស់កុមារទាំងនេះជាវ័យដែលទទួលបានភាពកក់ក្តៅ ការស្រឡាញ់ថ្នាក់ថ្នមរបស់ឪពុកម្តាយ ប៉ុន្តែពួកគេបែរជាក្លាយជាកុមារកំព្រាគួរឲ្យអាណិត។

ឯកឧត្តមបានផ្តាំផ្ញើដល់និស្សិតត្រូវខិតខំរៀនសូត្រយកចំណេះដឹង ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិ និងត្រូវតាំងខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ចៀសឆ្ងាយអំពីគ្រឿងញៀន។

ជាមួយគ្នានោះប្រធានបុរីកុមារបានសម្តែងអំណរគុណដល់គណៈប្រតិភូដែលបានផ្តល់ការឧបត្ថម្ភជួយដល់កុមារងាយរងគ្រោះក្នុងគ្រាកំពុងជួបការខ្វះខាត ជាពិសេសក្នុងស្ថានការណ៍ដ៏លំបាក និងកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា និងពិភពលោកទាំងមូល សូមឲ្យគណៈប្រតិភូជួបតែសេចក្តីសុខគ្រប់ពេលវេលា។
គួរបញ្ជាក់ថា អំណោយមាន សម្ភារៈសិក្សា ភួយ កន្សែង ឈុតច្រាសដុសធ្មេញថ្នាំដុសធ្មេញ និងប្រអប់សម្អាតក្រចក៕