ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន គោរពថ្លែងអំណរគុណសម្តេចតេជោ ចំពោះសារជូនពរថ្ងៃខួបកំណើត


(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្ញើសារជូនពរឯកឧត្តមក្នុងថ្ងៃខួបកំណើតគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានគូសបញ្ជាក់ក្នុងសារលិខិតថ្លែងអំណរគុណផ្ញើជូនសម្តេចតេជោយ៉ាងដូច្នេះ «ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកន្លងមកសម្ដេច តែងតែងបានផ្តល់នូវសេចក្តីទុកចិត្ត និងការសណ្ដោសប្រណីដល់ខ្ញុំបាទក្នុងការចូលរួមចំណែកបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនកម្ពុជា។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ប្រទេសកម្ពុជាទទួល​បាន​នូវសុខសន្តិភាព និងភាពសម្បូររុងរឿងព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ»

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បន្តថា «ខ្ញុំបាទសូមយកឱកាសនេះ​សំដែង​នូវ​ការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត និងសូមគោរពកោតសរសើ​រ​អស់​ពីដួងចិត្តជូនចំពោះសម្ដេចតេជោ ដែលតែងតែបានយកចិត្តទុកដាក់ចំពោះជាតិ និង​ប្រជា​ជនកម្ពុជា ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ជាបិតាសន្តិភាព ដែលបានដឹកនាំប្រទេស​កម្ពុជាឆ្លងផុតពីដំណាក់កាលនៃសង្គ្រាម រហូតប្រែក្លាយទៅជាប្រទេស​ទទួលបាន​នូវសុខសន្តិភាពពេញលេញ»

ក្នុងសារលិខិតនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន និងក្រុមគ្រួសារ សូម​គោរពជូនពរសម្តេច ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍​កម្លាំង​ពលំមាំមួន អាយុយឺនយូរ និងសម្រេចបានជោគជ័យថ្មីៗ​ដ៏ត្រចះត្រចង់​បន្ថែមទៀត​ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន​ជឿនលឿន​ទៅមុខជាបន្តបន្ទាប់៕