ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អញ្ជើញជួបសំណេះសំណាលជាមួយ ប្រធានគណៈកម្មាធិការប្រជាជន ខេត្តអានយ៉ាងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម


គណៈប្រតិភូ នៃខេត្តកណ្តាលដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត​ ម៉ៅ​ ភិរុណ​អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ឯកឧត្តម​ លោកជំទាវអភិបាលរងខេត្ត​ និងប្រធានមន្ទីរ​ពាក់ពន្ធ័ខេត្ត ស្នងការ​រងខេត្ត​ បានអញ្ជើញជួបសំណេះសំណាលជាមួយ ឯកឧត្តម​ វឿង ប៊ិញថាញ់ ប្រធានគណៈកម្មាធិការប្រជាជន ខេត្តអានយ៉ាង​នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០១៧​នេះ។
​ ក្នុងជំនួបពិភាក្សានេះដែរ​ ឯកឧត្តម​ វឿង ប៊ិញថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង​ ជម្រាបជូនពីរ បាយការណ៍បូកសរុបការងារសហប្រតិបត្តិការ៦ខែដើមឆ្នាំ​ និងលើកទិសដៅ​ ៦ខែចុងឆ្នាំ២០១៧​ រវាងខេត្តអានយ៉ាងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជាឃើញថាខេត្តកណ្តាលបាន ធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើរ ដើម្បីអនុវត្ត កំណត់ហេតុចុះហត្ថលេខា និងបានរួមចំណែកដល់ការ សម្រេចបាននូវសេដ្ឋកិច្ច វប្បធម៌ សង្គម និងរក្សាបាននូវសន្តិសុខ ការពារ និងជម្រុញទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍន៍រវាងខេត្តនឹងខេត្ត។
​ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត​ តំណាងគណៈប្រតិភូ នៃខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការងារកន្លងមករវាងខេត្តអានយ៉ាង​ និងខេត្តកណ្តាលបាន​ បង្កលក្ខណៈងាយស្រួល ជម្រុញ និងបង្កើនចំណងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហការគ្នាបានល្អប្រសើរ ពិសេស ស្ថានភាពសន្តិសុខ ស្ថេរភាពនយោបាយ នៅតាមបន្ទាត់ព្រំដែន មិនមានអ្វីកើតឡើង ធ្វើឲ្យមានការជះឥទ្ធិពលដល់ការទំនាក់ទំនងមិត្តភាពរវាងខេត្តដែលជាប់ព្រំប្រទល់នៃប្រទេសទាំងពីរ។