ឯកឧត្តមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់បក្សប្រជាជនកម្ពុជា បន្តកំណត់អាទិភាពមនុស្ស ទឹក ផ្លូវ ភ្លើង តែបន្ថែមជាមួយបច្ចេកវិទ្យា ដើម្បីធ្វើទំនើបកម្មប្រជាពលរដ្ឋ


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បន្តកំណត់អាទិភាព មនុស្ស ទឹក ផ្លូវ ភ្លើង តែបន្ថែមជាមួយបច្ចេកវិទ្យា ដើម្បីធ្វើទំនើបកម្មប្រជាពលរដ្ឋ។

ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា​ គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីកំណើន​ ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឈានទៅសម្រេចនូវសមិទ្ធផលបន្ថែម ជូនប្រជាពលរដ្ឋ។

ការថ្លែងរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ចើញចុះជួបកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាវេទិកាសារធារណៈលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី។

ឯកឧត្តមបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា «គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់មកហើយ ហេតុអ្វីបានជាយើងនៅបន្ត មិនមែនបានន័យថាយើងយកគោលនយោបាយ ដែលមានពីមុនទាំងស្រុងយកមកទេ យើងយកមូលដ្ឋាននោះ ប៉ុន្តែយើងកែសម្រួល កែទម្រង់សម្រួចមុំ និងឱ្យអាទិភាពបន្ថែមទៅលើចំណុចណាមួយ។ ឧទាហរណ៍គោលនយោបាយចតុកោណយើងអត់មានបច្ចេកវិទ្យាទេ ឥឡូវចូលក្នុងដំណាក់កាលនៃបច្ចេកវិទ្យាទំនើប ដើម្បីឱ្យកម្ពុជា យើងធានានូវការប្រកួតប្រជែង និងធានានូវការអភិវឌ្ឍយូរអង្វែងយើងត្រូវកំណត់អាទិភាពគន្លឹះបន្ថែម ពីមុនយើងមាន មនុស្ស ផ្លូវ ទឹក ភ្លើង ឥឡូវយើងមានទាំង៤នេះ បូកជាមួយបច្ចេកវិទ្យា ដើម្បីឱ្យប្រជាពលរដ្ឋយើងមានទំនើបកម្ម»

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី បន្តឈរលើគោលដៅថែរក្សា ឱ្យបានដាច់ខាតនូវសមិទ្ធផលចាស់ ដោយធានារក្សាឱ្យបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍ និងឯកភាពទឹកដី។

ឯកឧត្តមនាយករដ្ឋមន្ត្រីបន្ថែមថា គោលនយោបាយដឹកនាំប្រទេសមិនអាចចេះតែដាក់ ចេះតែធ្វើនោះទេ។ គោលនយោបាយនីមួយៗ ត្រូវការពេលវេលាអនុវត្តន៍ និងត្រូវការពេលសម្រាប់ទទួលផល។ សម្រាប់គោលនយោបាយបក្សប្រជាជនកម្ពុជា មិនមែនធ្វើឡើងតាមការនឹកឃើញនោះទេ គឺមានការសិក្សាច្បាស់លាស់ពីអ្នកជំនាញ ហើយគោលនយោបាយត្រូវមានលំនឹង តែផលសម្រាប់ប្រជាពលរដ្ឋ ត្រូវមានការប្រែប្រួល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា នៅពេលដែលអនុវត្តន៍គោលនយោបាយបានល្អ នឹងផ្តល់ប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕