ល្ងាចថ្ងៃអង្គារ ១៣កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសារអាហាសាមគ្គី ជូនដំណើរឯកឧត្តម ឯកអគ្គរាជទូតថ្មី ដែលនឹងអញ្ជើញទៅបំពេញបេសកកម្មការទូត នៅតាមបណ្តាប្រទេសផ្សេងៗនៅទ្វីបអឺរ៉ុប ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម លោកជំទាវ លោកជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប និងឯកឧត្ត លោកជំទាវជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ ដែលជាអតីតឯកអគ្គរាជទូតកម្ពុជានៅតាមបណ្តាប្រទេសផ្សេងៗនៅទ្វីបអឺរ៉ុប សរុបចំនួន ៣០រូប នៅសណ្ឋាគារ Hyatt Regency Phnom Penh។
ថ្លែងក្នុងពិធីនាពេលនេះ ឯកឧត្តម ហួត ហាក់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះ ឯកឧត្តមឯកអគ្គរាជទូតថ្មី ដែលនឹងអញ្ជើញទៅបំពេញបេសកកម្មការទូត នៅតាមបណ្តាប្រទេសផ្សេងៗនៅទ្វីបអឺរ៉ុប សូមប្រកបដោយសុខសុវត្ថិភាព មានសំណាងល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
បន្ទាប់ពីបានជួបសំណេះសំណាល ប្រកបដោយបរិយាកាសរីករាយ និងភាពស្និទ្ធស្នាលរួចមក ឯកឧត្តម ហួត ហាក់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានប្រគល់ជូននូវបាច់ផ្កាអបអរសាទរ និងប្រគល់ជូនសៀវភៅសម្តេចហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា និងសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពល និងម្រេចកំពតម្នាក់២កញ្ចប់ ជូនឯកឧត្តមឯកអគ្គរាជទូតថ្មី និងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទុកជាអនុស្សាវរីយ៍និងសម្រាប់ទទួលទានផងដែរ៕






























