តំណាងរាស្ត្រថ្មី ២៩រូបមកពីបក្សប្រជាជន ត្រូវបានរដ្ឋសភាផ្តល់សុពលភាព ខណៈឯកឧត្តម យក់ ង៉ុយ ត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាកម្ពុជា បានបន្ត​សម័យ​​ប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧​ ក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា។ កិច្ចប្រជុំនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីសមាជិក សមាជិការដ្ឋសភាចំនួន​ ៨៦អង្គ/រូបផ្សេងទៀត។

សម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកនេះ​ មានរបៀបវារៈចំនួនពីរ។ នៅក្នុងនោះ អង្គរដ្ឋសភា បានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧​ ចំនួន ២៩រូប របស់គណបក្សប្រជាជនកម្ពុជា ជំនួសតំណាងរាស្រ្តដែលបានសុំលាលែង។

រដ្ឋសភា ក៏បានបោះ​ឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសឯកឧត្តម សំ ព្រហ្មនា ដែលបានទទួលមរណភាពផងដែរ៕