ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ជួបជាមួយឯកឧត្តម លីវ ជានឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ​នីស្តចិន


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួប​សន្ទនាជាមួយ ឯកឧត្តម លីវ ជានឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយ​នីស្តចិន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារចាយ៉ាស្មាត រាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត និង ឯកឧត្តម លីវ ជានឆាវ បានអញ្ជើញ​ធ្វើជា​សក្ខីភាព​ក្នុងពិធីចុះហត្ថលេខា​លើអនុស្សរណៈ​យោគយល់​ ចំនួន៣។ ដោយនៅក្នុងនោះ​រួមមាន អនុស្សរណៈយោគយល់គ្នា​​រវាងផ្ទះយុវជនដើម្បី​មិត្តភាពកម្ពុជា-ចិនជាមួយទស្សនាវដ្តី​ពិភពលោកសហសម័យចិនសម្រាប់ឆ្នាំ២០២៣-២០២៥, អនុស្សរណៈយោគយល់គ្នារវាង​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ CIIC International Education Technology (Beijing) Co.,Ltd ស្តីអំពីអំពីកិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) និងអនុស្សរណៈយោគ​យល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា និងធុរកិច្ច​ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការផ្លាស់ប្តូរនិស្សិត និងបុគ្គលិកអប់រំ ក៏ដូចជា​ការស្រាវជ្រាវរួមគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

កិច្ចជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿ​ទុកចិត្ត​គ្នា បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាវិជ្ជមាន ប្រកបដោយចីរភាពរបស់ប្រទេស​ទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែមានអត្ថិភាពល្អប្រសើរឡើង និងស្អិតរមួតបន្ថែមទៀត ស្របតាម​គន្លងដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត និងគុណធម៌ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។

ទន្ទឹមនឹងនេះ​ភាគីទំាងពីរក៏បានប្តេជ្ញាក្នុងការ​ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការទេ្វភាគី កម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងថែមទៀត ពិសេស បន្តជំរុញកិច្ចសហប្រតិបត្តិការក្រោម​ក្របខណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​កម្ពុជា-ចិន ឱ្យកាន់តែមានភាពរលូន និងនាំមកនូវគម្រោងសម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ​បន្ថែមទៀត។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាព​គ្នា​ក្នុងនាមជាបងប្អូន និងអ្នកជិតខាង​ល្អ ដើម្បីបន្តថែរក្សា​ទំនាក់​ទំនង​ជិតស្និទ្ធ​រវាងយុវជន​នៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍នៃ​សន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ និងបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិ​ការ និងការគាំទ្រគ្នា​ទៅវិញ​ទៅមក នៅលើវេទិកាពហុភាគីនានា ទាំងក្នុងកម្រិតតំបន់ និង​សាកលលោក៕