(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ មេដឹកនាំកម្ពុជា និងហ្វីលីពិន បានមើលឃើញថា កម្ពុជា-ហ្វីលីពិន មានសក្តានុពលលើវិស័យជាច្រើន ដែលគួរតែពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ វិស័យដែលមេដឹកនាំប្រទេសទាំងពីរមើលឃើញថាមានសក្តានុពលនោះមានដូចជាពាណិជ្ជកម្ម, ការអភិវឌ្ឍវិស័យឯកជន, ទេសចរណ៍, ការអប់រំ និងបណ្តុះបណ្តាល, សន្តិសុខ, ការពារជាតិ, និងការតភ្ជាប់លើគ្រប់រូបភាព។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន បានជួបសម្តែងការស្វាគមន៍ និងពិភាក្សាការងារជាមួយគ្នា។
ក្នុងជំនួបនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស និងបានថ្លែងអំណរគុណប្រជាជន និងប្រទេសហ្វីលីពីន ដែលបានគាំទ្រកម្ពុជាក្នុងការបំពេញកាតព្វកិច្ចជាប្រធានអាស៊ាននៅឆ្នាំ២០២២ និងចំពោះការចូលរួមរបស់កីឡាករហ្វីលីពីននៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២កន្លងមក។
រីឯ ឯកឧត្តមប្រធានាធិបតីហ្វីលីពិន បានសម្តែងការអបអរសាទរចំពោះសម្តេចធិបតី ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភាឱ្យដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ។ លោកប្រធានាធិបតី ក៏បានផ្តាំផ្ញើនូវការអរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលកន្លងមកតែងនាំមកនូវគំនិតផ្តួចផ្តើម, ទិសដៅនយោបាយ និងគោលការណ៍នយោបាយ សម្រាប់អនុវត្តន៍នៅក្នុងក្របខ័ណ្ឌអាស៊ាន នាពេលដែល សម្តេចតេជោនៅជានាយករដ្ឋមន្ត្រី។
ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីហ្វីលីពិន បានពិភាក្សាទៅលើវិស័យជាច្រើន ដែលមានសក្តានុពលសម្រាប់ជាកម្មវត្ថុនៃការពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងហ្វីលីពីន និងដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។ វិស័យដែលមានសក្តានុពលទាំងនោះ រួមមាន៖ ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន, ទេសចរណ៍, ការអប់រំ និងបណ្តុះបណ្តាល, សន្តិសុខ, ការពារជាតិ, និងការតភ្ជាប់លើគ្រប់រូបភាពរវាងប្រទេសទាំងពីរ។
មេដឹកនាំប្រទេសទាំងពីរ បានបង្ហាញទឹកចិត្តសោមនស្ស ចំពោះឱកាសផ្លាស់ប្តូរយោបល់ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី ដែលជាយន្តការនៃកិច្ចសហប្រតិបត្តិការបន្ថែម លើយន្តការពហុភាគីនៃក្របខ័ណ្ឌអាស៊ាន។ មេដឹកនាំទាំងពីរ បានគោរពអញ្ជើញគ្នាទៅវិញទៅមក ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្នុងពេលសមស្របណាមួយនាពេលខាងមុខផងដែរ៕