(ភ្នំពេញ)៖ ខេត្តចំនួន៩ មានខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ប៉ៃលិន បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ និងស្ទឹងត្រែង នឹងទទួលបានគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ជំហានទី៤ ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ និងគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
មុននឹងបើកការអនុវត្តគម្រោងនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំសិក្ខាសាលាស្តីពីការបញ្ចប់ការសិក្សារៀបចំគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ជំហានទី៤ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាពឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងសិក្ខាសាលាមានការចូលរួមពីឯកឧត្តម ហ៊ុល បុណ្ណារ័ត្ន ប្រធាននាយកដ្ឋានសហប្រតិបត្តិការពហុភាគី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី ជ័យយុទ្ធសេនៈ វម៌្ម (Jyotsana VARMA) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ មន្រ្ដីមកពីអង្គភាពអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តទាំង៩ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានលើកឡើងថា «គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ជំហានទី៤នេះ គឺមានការគាំទ្រដោយ ADB ដែលផ្តោតទៅលើការធានាឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ និងប្រតិបត្តិអនាម័យជនបទប្រកបដោយសុវត្ថិភាព សម្រាប់តំបន់ជនបទក្នុងខេត្តគោលដៅចំនួន៩ គឺខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ប៉ៃលិន បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ និងស្ទឹងត្រែង»។
ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា តាមរយៈគម្រោងកម្មវិធីនេះ ហេដ្ឋារចនាសម្ពន្ធផ្គត់ផ្គង់ទឹកស្អាតជនបទជាច្រើននឹងត្រូវបានស្ថាបនា រួមមាន ប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ ការកែលម្អស្រះសហគមន៍ អណ្ដូងខួងបំពាក់ស្នប់ បង្គន់អនាម័យ និងការបណ្ដុះបណ្ដាលកសាងសមត្ថភាព។
តាមរយៈសិក្ខាសាលាថ្ងៃនេះ លោករដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានផ្ដាំផ្ញើឱ្យសិក្ខាកាមចូលរួមផ្តល់យោបល់សម្រាប់ការពិភាក្សា ដើម្បីឆ្លុះបញ្ចាំងទៅលើលទ្ធផលនៃការសិក្សា និងការប្រមូលធាតុចូលបន្ថែមពីសំណាក់អ្នកចូលរួម ដើម្បីឱ្យការសិក្សានេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធមុននឹងដាក់ជូនទៅក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុម័តជាផ្លូវការ ដើម្បីឱ្យកម្មវិធីនេះអាចអនុវត្តបានតាមផែនការគ្រោងទុកចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំឭកពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទឆ្នាំ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ១០០% នៅឆ្នាំ២០២៥។ ក្នុងគោលនយោបាយជាតិបានកំណត់នូវទស្សនវិស័យថា «នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព»។
សូមបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ (២០១៧-២០២២) ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានមានការកើនឡើងគួរឱ្យកត់សម្គាល់ពី ៥៨.៧% ដល់ ៨២.៧% ផ្នែកអនាម័យកម្រិតមូលដ្ឋានបានកើនឡើងពី ៧១% ទៅ ៨៣.៧% (CSES ២០២២) និងការបន្ទោរបង់ពាសវាលពាសកាលបានធ្លាក់ចុះយ៉ាងខ្លាំងពី ៤៣% ក្នុងឆ្នាំ២០១៥ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២ (JMP ២០២៣)៕