សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមទុកចិត្តចុះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយខ្ញុំ មិនធ្វើឱ្យបាត់បង់ប្រយោជន៍ពលរដ្ឋ និងអធិបតេយ្យជាតិឡើយ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យជឿទុកចិត្តចុះថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច មិនធ្វើឱ្យបាត់បង់ប្រយោជន៍ប្រជាពលរដ្ឋ និងអធិបតេយ្យជាតិនោះឡើយ។

សម្តេចធិបតី ថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ពេលបន្តអញ្ជើញចុះជួប សំណេះ សំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ។

«ខ្ញុំសូមបញ្ជាក់ជាសារមួយ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស […] តើកម្ពុជាធ្វើពាណិជ្ជកម្មជាមួយចិន ជាកូនជឹងចិនមែនទេ? តើធ្វើពាណិជ្ជកម្មជាមួយចិន ធ្វើឲ្យកម្ពុជាបាត់ឯករាជ្យភាពឬទេ? វាអត់ទេ ហើយខ្ញុំបានបញ្ជាក់ ជឿទុកចិត្តចុះបងប្អូន ជំនាន់ចៅទួត ចៅលួត ចៅលា បងប្អូនជាមួយខ្ញុំ កម្ពុជាកាន់តែរឹងមាំ អធិបតេយ្យភាព ត្រូវតែរក្សាឲ្យបាន កម្ពុជាកាន់តែសម្បូរសប្បាយ»។ នេះជាការបញ្ជាក់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សូមជម្រាបថា ការថ្លែងរបស់សម្តេចធិបតី បន្ទាប់ពីមានការវិភាគថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់សម្តេចធិបតី ក្នុងនាមជាប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ទៅប្រទេសចិន ព្រោះជាកូនជឹងរបស់ចិន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ធ្វើទំនាក់ទំនងជាមួយរដ្ឋដទៃដោយស្មើមុខស្មើមាត់ ដែលសម្តេចបានបញ្ជាក់ថា ទោះបីជាកម្ពុជាជាប្រទេសតូច ប៉ុន្តែបានអង្គុយស្មើមុខស្មើមាត់ជាមួយនឹងប្រធានាធបិតីចិន ស៊ី ជិនពីង និងមេដឹកនាំប្រទេសផ្សេងៗ។

សម្តេចធិបតី បានបន្ថែមថា ដំណើររបស់សម្តេចទៅកាន់ប្រទេសចិន មានអ្នកបកស្រាយច្រើន ហើយវាយប្រហារថាជាការខាតបង់របស់កម្ពុជាជាដើម។ សម្តេចធិបតី មិនទាមទារឱ្យក្រុមប្រឆាំង ឬអ្នកវិភាគទាំងនោះកោតសរសើរអំពីការខិតខំប្រឹងប្រឹងរបស់សម្តេចនោះទេ ប៉ុន្តែពួកគេគួរតែសរសើរអ្វីដែលប្រជាពលរដ្ឋខ្មែរ បានធ្វើកន្លងមកដើម្បីជាតិផង៕