រាជរដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងទទួលឥណទានសម្បទាន ក្នុងទំហំទឹកប្រាក់១៤០លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកា ស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីចំនួន២ ដែលមានទឹកប្រាក់សរុបចំនួន១៤០លានដុល្លារ។ ពិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធីទាំង២ មានដូចខាងក្រោម៖

១៖ កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ជំហាន២ – អនុកម្មវិធីទី ២ មានគោលបំណង រួមចំណែកគាំទ្រកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឲ្យប្រជាពលរដ្ឋកាន់តែ ងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈ ដោយផ្តោតលើ ១៖ ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោមជាតិ, ២៖ ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ និង៣៖ ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។

កម្មវិធីនេះ គ្រោងនឹងចំណាយថវិកាសរុប៤០លានដុល្លាអាម៉េរិក ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADB ដឹកនាំអនុវត្តដោយគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។

កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាអនាគត- អនុកម្មវិធីទី១ មានគោលបំណងធ្វើឲ្យប្រសើរឡើង នូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។ កម្មវិធីនេះ នឹងពង្រឹងការបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្ម ប្រកបដោយបរិយាប័ន្ន ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការការងារ។

កម្មវិធីនេះគ្រោង នឹងចំណាយថវិកាសរុប ១៣១.៣០លានដុល្លាអាម៉េរិក ក្នុងនោះ ឥណទានសម្បទានរបស់ ADB ប្រមាណ ១០០ លានដុល្លាអាម៉េរិក ដែលដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ពិធីចុះហត្ថលេខានាពេលនេះ ឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ, ការគាំទ្រ និងការជឿទុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ ADB។

ជារួម, គោលបំណងនៃកម្មវិធីទាំង ២ ដែលទើបត្រូវបានចុះហត្ថលេខានេះ នឹងចូលរួមឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទើបបានប្រកាសដាក់ចេញសម្រាប់អនុវត្ត កាលពីពេលថ្មីៗ កន្លងទៅ។

អគ្គបណ្ឌិតសភាចារ្យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែល ADB បាន ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤.៩ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ៤.៤ប៊ីលានដុល្លារអាម៉េរិក សម្រាប់អនវុត្តគម្រោង/កម្មវិធីចំនួន ១៣៧ និងហិរញ្ញប្បទាន ឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៧០។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការផ្តល់ហិរញ្ញប្បទានសហប្រតិ-បត្តិការរបស់ ADB ដែលបាន និងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕