រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ប្លង់រឹងជូនប្រជាពលរដ្ឋជាង១៥០០ប័ណ្ណ នៅខណ្ឌច្បារអំពៅ, អាជ្ញាធរអំពាវនាវពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាសន្ដិភាព និងបន្ដការអភិវឌ្ឍ


«សូមលោកយាយ លោកតា អ៊ុពូមីង និងបងប្អូនប្រជាពលរដ្ឋ ត្រូវតែរឹងមាំ រួមគ្នាថែរក្សាសន្តិភាព ព្រោះអ្វីដែលយើងកំពុងមានសព្វថ្ងៃនេះ គឺកើតឡើងដោយសារកត្តាសន្តិភាព»។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានី តំណាងឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិជូនម្ចាស់អចលនវត្ថុ ចំនួន១,៥៣៦ប័ណ្ណ ស្ថិតនៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ឃ្លាំង ហួត បានថ្លែងថា «ក្រោមនយោបាយឈ្នះឈ្នះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក បាននាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសរួចស្រេចហើយ ដូច្នេះយើងត្រូវតែរឹងមាំ រួមគ្នាថែរក្សាសន្តិភាព ទន្ទឹមនឹងយើងកំពុងអភិវឌ្ឍប្រទេសជាតិ ព្រោះក្នុងពិភពលោកបច្ចុប្បន្ន កំពុងស្រែកហៅរកសន្តិភាព ជាពិសេសនៅតំបន់សហគមន៍អឺរ៉ុប ដែលមានសង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន»

ឯកឧត្តមបន្ដថា សន្តិភាពនេះហើយ ដែលធ្វើឲ្យមានការអភិវឌ្ឍ និងបានធ្វើឲ្យប្រជាពលរដ្ឋមានមុខរបរ មានការងារធ្វើ និងមានកម្មសិទ្ធិ ដីធ្លីផ្ទះសម្បែង ដើម្បីរស់នៅតែសន្តិភាពនេះ វាជួយបានតែប្រជាពលរដ្ឋ ដែលឧស្សាហ៍ព្យាយាម តែប៉ុណ្ណោះ តែចំពោះប្រជាពលរដ្ឋណាដែលឈរលើកគោលការណ៍ដើររិះគន់តិះតៀន ដោយសារការច្រណែនឈ្នានីស អ្នកទាំងនោះ នឹងមិនបានផលពីសន្តិភាពនោះទេ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើសុំឲ្យប្រជាពលរដ្ឋយកប័ណ្ណកម្មនេះ ទៅប្រើប្រាស់ដោយការពិចារណាឲ្យបានត្រឹមត្រូវ សម្រាប់ជាឧត្តមប្រយោជន៍ដល់គ្រួសារ ដាច់ខាតមិនត្រូវយកប័ណ្ណនេះ ទៅប្រើប្រាស់ក្នុងអប្បាយមុខ ដែលនាំឲ្យមានមហន្តរាយដល់ខ្លួនឯង គ្រួសារ និងអនាគតកូនចៅ។ ចំពោះបណ្ណប្រព័ន្ធ ឬប្លង់រឹងនេះ ឯកឧត្តមបានអំពាវនាវសុំឲ្យមានការពិនិត្យមើលឲ្យបានច្បាស់លាស់ មុននឹងទិញ លក់ ឬដោះដូរអ្វីមួយ ព្រោះកន្លងមកមានជនខិលខូចមួយចំនួន មានការបន្លំ និងបោកប្រាស់ដល់ពលរដ្ឋដែលមិនមានការប្រុងប្រយ័ត្ន វាងាយស្រួលធ្វើឲ្យបងប្អូនចាញ់ឧបាយកលរបស់ពួកគេ។

ដោយឡែក ចំពោះអ្នកមិនទាន់បានប័ណ្ណនេះ អាចមកទាក់ទង ឬសាកសួរព័ត៌មាន ជាមួយមន្រ្តីជំនាញនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីផ្ទាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ជាប់របងទីស្តីការគណៈរដ្ឋមន្រ្តីដោយផ្ទាល់៕