ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ


ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ គឺអង្គការស្បៀង និងកសិកម្ម FAO, អង្គការយូនីសេហ្វ UNICEF, អង្គការយូនីដូ UNIDO, អង្គការ កម្មវិធីស្បៀងអាហារពិភពលោក WFP និងអង្គការសុខភាពពិភពលោក WHO បានសន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ និងគាំទ្រក្រុមការងារបច្ចេកទេសចម្រុះ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់អនុវត្តគម្រោងនានា ដោយឈរលើក្របខណ្ឌសហប្រតិបត្តិការ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UN Sustainable Development Cooperation Framework) នៅកម្ពុជា។

ការសន្យាបន្តកិច្ចសហប្រតិបត្តិការ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំង៥ខាងលើ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ នៅព្រឹកថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ចូស៊េប សូឃ័រ Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា ក្របខណ្ឌសហប្រតិបត្តិការប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN Sustainable Development Cooperation Framework) នៅកម្ពុជា ត្រូវបានរៀបចំឡើង ដើម្បីចូលរួមអនុវត្តយុទ្ឋសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យទទួលបានជោគជ័យ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងដើម្បីកម្ពុជាត្រៀមចាកចេញ ដោយរលូនពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។

ដោយឡែក តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំង៥ ក៏បានលើកឡើងពីការងារសហការប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ពិសេសលើការងារលើកកម្ពស់ប្រព័ន្ឋស្បៀង និងការកាត់បន្ថយបញ្ហាអាហារូបត្ថម្ភគ្រប់ទំរង់ ទៅតាមតួនាទី និងភារកិច្ចរបស់អង្គការនិមួយៗ រួមមាន ការលើកកម្ពស់ប្រព័ន្ធស្បៀង, ការកាត់បន្ថយបញ្ហាអាហារូបត្ថម្ភគ្រប់ទំរង់ សុវត្ថិភាពចំណីអាហារ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រ និងការរួមចំណែករបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាលើវិស័យជាច្រើន ជាពិសេសសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសហការ របស់ក្រុមការងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNCT) និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើត UNSDCF នេះ ជាពិសេសក្នុងដំណាក់កាលសំខាន់នៃការអនុវត្តរបៀបវារៈ ឆ្នាំ 2030 សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយ UNSDCF នេះនឹងផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់កម្ពុជា ព្រោះវាត្រូវបានបង្កើតឡើងដើម្បី ជួយដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋក្នុងការងើបឡើងវិញពីផលវិបាកធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩, ជំរុញវឌ្ឍនភាពដើម្បីឆ្ពោះទៅរករបៀបវារៈនៃ គោលដៅន៍អភិវឌ្ឍប្រកបដោយចីរភាព(SDGs) ព្រមទាំងសម្រេចបាននូវទិសដៅប្រកបដោយ មហិច្ឆតារបស់កម្ពុជា ក្នុងការចាកចេញពីឋានៈ ជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧។

ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីភាពជាដៃគូដ៏យូរអង្វែង រវាងអង្គការសហប្រជាជាតិ និងកម្ពុជា ដែលមានការស៊ីចង្វាក់គ្នាគួរឱ្យកត់សម្គាល់ រវាងសេចក្តីប្រាថ្នានៃការអភិវឌ្ឍដែលមានចែងនៅក្នុង UNSDCF នេះ និងអាទិភាពនៃការអភិវឌ្ឍជាតិ ដែលឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី ក៏បានស្រង់នូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា «យុទ្ធសាស្ត្របញ្ចកោណ កំពុងត្រូវបានអនុវត្តចាប់ពីដំណាក់កាលទី១ ជាមួយបាវចនាចំនួនប្រាំ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព ជាមួយអាទិភាពគន្លឹះសំខាន់ៗចំនួនប្រាំ គឺ មនុស្ស ផ្លូវថ្នល់ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទីបួន និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចកម្ពុជា។
គោលបំណងសំខាន់នៃយុទ្ធសាស្ត្រនេះរួមមាន ម៉្យាង គឺការរក្សានូវសន្ទុះដ៏ល្អនៃសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាទូទៅ, រីឯម៉្យាងទៀត គឺ ការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍជាតិតាមរយៈភាពធន់ក្នុងវិស័យចំនួន៥ គឺ វិស័យសាធារណៈ សេដ្ឋកិច្ច ហិរញ្ញវត្ថុ មូលធនមនុស្សនិងសង្គម និងបរិស្ថាន ដែលរាប់ទាំងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុផងដែរ។

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នឹងបន្តប្រើប្រាស់យន្តការ ដែលមានស្រាប់ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ទាំងក្នុងតំបន់ និងពិភពលោក រួមនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ធន់នឹងភាពងាយរងគ្រោះ វិបត្តិ និងបញ្ហាផ្សេងៗ។ វាក៏ជួយការពារបរិស្ថាន និងជួយកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ តាមរយៈការជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះ ទៅរកការអភិវឌ្ឍបៃតង ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ២០៣០ ពិសេសគោលដៅទី២ គឺ បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ដែលត្រូវបានលើកកម្ពស់ និងជំរុញកសិកម្មប្រកបដោយចីរភាព។

ក្នុងឱកាសនោះដែរ បណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានស្នើដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិឱ្យជួយកាងារមួយចំនួនដូចជា៖

ទី១៖ ជួយសហការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤ដល់២០២៨ ឱ្យស្របទៅនឹងយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ និង កៀរគរថវិកាដើម្បីអនុវត្តយុទ្ឋសាស្ត្រនេះ,
ទី២៖ ជួយសហការរៀបចំសូចនករតាមដានរួមគ្នា (Joint Monitoring Indicators) របស់ក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឆ្នាំ២០២៤ ដល់២០២៨. ដើម្បីអនុវត្តរួមគ្នា សំដៅលើកកម្ពស់ប្រព័ន្ឋស្បៀង និងកាត់បន្ថយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់

ទី៣៖ ជួយពង្រឹងលេខាធិការដ្ឋានក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងលេខាធិការដ្ឋាននៃក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្ត ទូទាំងប្រទេស

ទី៤៖ បន្តពង្រឹង និងកសាងសមត្ថភាព របស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានីខេត្ត និងបញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សុវត្ថិភាពម្ហូបអាហារ ទៅក្នុងផែនការអភិវឌ្ឍ និងផែនការវិនិយោគឃុំ សង្កាត់

ទី៥៖ បន្តសហការរៀបចំទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក នៅថ្ងៃទី៧ ខែមិថុនា និងរៀបចំទិវាជាតិអាហារូបត្ថម្ភ នៅថ្ងៃទី៦ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយការចូលរួមសហការលើកកម្ពស់ប្រព័ន្ធស្បៀង និងការលប់បំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទំរង់នៅក្នុងប្រទេស

ទី៦៖ ជួយស្វែងរកថវិកាដើម្បីអនុវត្តផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ឋស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងផែនទីបង្ហាញផ្លូវផែនការសកម្មភាពសកលដើម្បីឆ្លើយតបចំពោះបញ្ហាស្ថមស្គាំងរបស់កុមារ

ទី៧៖ បន្តពង្រីក និងពង្រឹងការទទួលបានសេវាសុខភាព និងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរពីអាហារូបត្ថម្ភ និងជួយពង្រឹងប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ប្រព័ន្ធអប់រំ ប្រព័ន្ធគាំពារសង្គម និងការចូលរួមរបស់យុវជន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការឡើងថ្លៃទំនិញ និងម្ហូបអាហារ។

ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំថ្ងៃនេះ នឹងបង្កើតឲ្យមានលទ្ធផលដ៏មានតម្លៃសម្រាប់កិច្ចសហប្រតិបត្តិការ នាពេលអនាគត ហើយ CARD ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអង្គការសហប្រជាជាតិ និងទីភ្នាក់ងាររបស់ខ្លួន ហើយរំពឹងយ៉ាងមុតមាំថា គម្រោងនាពេលខាងមុខ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាកាន់តែច្រើន និងកសាងភាពជាដៃគូដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ៕