អភិបាលខេត្តកណ្ដាល ប្រគេនអង្ករ ៩តោន ទេយ្យទាន និងបច្ច័យ ១០លានរៀល ដល់សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង


(ភ្នំពេញ)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងសហការី នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រគេនអង្ករចំនួន ០៩តោន ទេយ្យទាន និងបច្ច័យ ចំនួន ១០លានរៀល ប្រគេនសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក និងព្រះសង្ឃគង់ចាំព្រះវស្សា ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល និងវតហតចំពុះក្អែកផងដែរ ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ៕