រដ្ឋបាលរាជធានីភ្នំពេញ ជំរុញមន្ដ្រីបង្កើនសមត្ថភាពលើការគ្រប់គ្រងអនុត្រានុកូលដ្ឋាន ឬអត្តសញ្ញាណកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា


(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងជំរុញមន្ដ្រីទាំងអស់ ឲ្យប្រឹងប្រែងរៀនសូត្រលើការគ្រប់គ្រងអនុត្រានុកូលដ្ឋាន ឬអត្តសញ្ញាណកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅឲ្យការគ្រប់គ្រងនោះកាន់តែមានប្រសិទ្ធភាព និងជាការចូលរួមចំណែករក្សានូវសន្ដិសុខដល់សង្គមផងដែរ។

ផ្ដើមចេញពីការគិតគូពង្រឹងសមត្ថភាពរបស់មន្ដ្រី រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំរួមគ្នាមួយ ស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដា្ឋនសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅសាលារាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម កើត ឆែ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង និងឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កើត ឆែ បានលើកឡើងថា ការចុះបញ្ជីអត្រានុកូលដ្ឋាន ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ពិតជាមានសារៈសំខាន់ណាស់ ហើយក៏ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧នេះផងដែរ។

ឯកឧត្តមបន្តថា ការគ្រប់គ្រងអត្រានុកូលដ្ឋាន ឬអត្តសញ្ញាណកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជារឿងសំខាន់ណាស់ បើគ្រប់គ្រងបានល្អនោះសេដ្ឋកិច្ចជាតិ និងសន្តិសុខជាតិ ពិតជាដំណើរការទៅបានរលូន និងល្អប្រសើរ តែបើគ្រប់គ្រងមិនបានវិញ នោះវានឹងនាំមកនូវភាពអសន្តិសុខនៅក្នុងសង្គម។ ដូច្នេះមន្ត្រីចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រែងប្រែងរៀនសូត្រលើការគ្រប់គ្រង អត្រានុកូលដ្ឋាន ឬអត្តសញ្ញាណកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ។

បើតាមឯកឧត្តម កើត ឆែ ការរៀនសូត្រ ក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដា្ឋនសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ខាងលើនេះ នឹងជួយដល់មន្ត្រីទទួលបាននូវចំណេះដឹងសម្រាប់ខ្លួនឯងផង និងបានយកចំណេះដឹងទាំងនេះ ទៅរួមចំណែកជួយដល់ជាតិ មាតុភូមិរបស់យើងថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា បានលើកឡើងផងដែរថា ការចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដា្ឋនសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលលើកមកពិភាក្សា ផ្តល់ជាចំណេះដឹងខាងលើនេះ នឹងធ្វើសាកស្បងនៅតាមគោលដៅសង្កាត់ចំនួន៦ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ហើយក៏នឹងបន្តទៅខណ្ឌទាំង១៤ ជាមួយនឹងការបន្តទៅទូទាំងប្រទេសផងដែរ៕