ឯកឧត្តម ជា រ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានស្នើដល់ក្រសួង-ស្ថាប័នរដ្ឋទាំងអស់ បង្កើតប្រព័ន្ធបច្ចេកវិទ្យាផ្ទាល់ខ្លួន ដើម្បីបង្កភាពងាយស្រួល ផ្ដល់សេវាកម្មរបស់ខ្លួន ជូនដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន ដែលត្រូវការសេវាកម្ម។
ឯកឧត្តមរដ្ឋមន្ដ្រី ជា រ៉ាន់ដេត បានបញ្ជាក់ថា ក្នុងរយៈពេលឆាប់ខាងមុខនេះ ក្រសួង-ស្ថាប័ននឹងត្រូវមានអង្គភាពបរិវត្តកម្មឌីជីថល ដោយមានគោលការណ៍ ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា រួចរាល់ហើយ។ តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ដ្រី ជា រ៉ាន់ដេត អនុក្រឹត្យនេះ អាចនឹងដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេល២ ទៅ៣ខែ ខាងមុខនេះ។
ការស្នើបែបនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ជា រ៉ាន់ដេត អញ្ជើញចូលរួម ក្នុងពិធីដាក់ដំណើរការជាផ្លូវការ នៃកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល និងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្ដិការ លើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍន៍ជំនាញឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយនិងគ្រឹះស្ថានឧត្តមសិក្សាដៃគូចំនួន៦ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ដ្រី ជា រ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែរៀបចំអនុក្រឹត្យ ដើម្បីឲ្យក្រសួងទាំងអស់ មានអង្គភាពបរិវត្តកម្មឌីជីថល […] បច្ចុប្បន្ននេះ ក្រសួងខ្លះមាននាយកដ្ឋានបច្ចេកវិទ្យា និងក្រសួងខ្លះអត់មាន ដូច្នេះបន្ទាប់ពីអនុក្រឹត្យចេញទៅ ក្រសួងទាំងអស់ត្រូវតែមាន»។
ឯកឧត្តមរដ្ឋមន្ដ្រី ជា រ៉ាន់ដេត បានឲ្យដឹងទៀតថា ក្រសួងទាំងអស់ ត្រូវតែមានប្រព័ន្ធ internet Wi-Fi និងសេវាទូរស័ព្ទគ្រប់គ្រាន់ នៅក្នុងក្រសួង ហើយក្រសួងទាំងអស់ ត្រូវតែមានឧបករណ៍បច្ចេកវិទ្យាប្រើប្រាស់ជារបស់រដ្ឋ ដោយមិនមែនជារបស់ឯកជនទៀតនោះទេ ព្រោះថាសព្វថ្ងៃនេះ មន្ដ្រីពី៨០% ទៅ៩០% ប្រើប្រាស់របស់ផ្ទាល់ខ្លួន។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី ជា រ៉ាន់ដេត បានលើកឡើងថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការបង្កើនការ អភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបាន និងមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ក្នុងការបោះជំហាន ឲ្យក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចឌីជីថល និងរដ្ឋបាលឌីជីថល ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លើសពីនោះទៀត ឯកឧត្តមរដ្ឋមន្ដ្រី ជា រ៉ាន់ដេត បានឲ្យដឹងថា រាជរដ្ឋាភិបាល បានកំណត់យកអនុភាពគន្លឹះចំនួន៥៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងន័យនេះ ការអនុវត្ដមូលធនមនុស្សឌីជីថល គឺជាអនុភាពដំបូងបំផុត ដើម្បីត្រៀមខ្លួនបង្កើតសេដ្ឋកិច្ចសង្គមឌីជីថល និងសម្រាប់ឆ្លើយតបនឹងបដិវត្ដកម្មឧស្សាហកម្ម៤.០។
យុទ្ធសាស្ដ្រនេះ បានឆ្លុះបញ្ចាំងពីការគិតគូដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់គោលដៅកសាងសេដ្ឋកិច្ចសង្គមឌីជីថល ឲ្យក្លាយជាជន្ទល់កំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងចូលរួមចំណែកលើកកម្ពស់ ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិទកម្មសេដ្ឋកិច្ច និងសង្គមកម្ពុជា៕