ក្រសួងសុខាភិបាល ប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ ចាក់ដោយឥតគិតថ្លៃ ដើម្បីសង្គ្រោះជីវិតពីសេចក្តីស្លាប់ ដែលបណ្តាលមកពីជំងឺមហារីកមាត់ស្បូន


នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្តល់តែចំនួនមួយដូសដល់កុមារីម្នាក់ៗ ដែលមានអាយុ៩ឆ្នាំដោយឥតគិតថ្លៃ ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដើម្បីការពារជំងឺមហារីកមាត់ស្បូន។

ពិធីប្រកាសជាផ្លូវការនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអង្គការដៃគូទាំងអស់ ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាភ្នំពេញថ្មី។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពសុខភាពសាធារណៈដែលត្រូវយកចិត្តទុកដាក់នៅប្រទេសកម្ពុជា។ យើងទាំងអស់គ្នាត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ តាមរយៈការបញ្ចូលវ៉ាថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា «យើងនឹងធានាថា កុមារី អាយុ ៩ឆ្នាំទាំងអស់ នឹងទទួលបានថ្នាំបង្ការជំងឺមហារីកមាត់ស្បូនមួយដូសដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ ហើយកម្ពុជាក៏មានគម្រោងនឹងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់ កុមារី ដែលមានអាយុ លើសពី៩ឆ្នាំ តាមរយៈការធ្វើយុទ្ធនាការក្នុងឆ្នាំ២០២៥ផងដែរ»

ទន្ទឹមនឹងនោះឯកឧត្តមសាស្ត្រាចារ្យក៏បានអំពាវនាវដល់អាណាព្យាបាល នាំកូនដែលគ្រប់អាយុចាក់វ៉ាក់សាំងមហារីកមាត់ស្បូន សូមអញ្ជើញនាំបុត្រធីតាមកទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពដែលនៅជិតនៅផ្ទះ។ លោកបានគូសរម្លឹកថា «អាណាព្យាបាលទំាងអស់ ត្រូវយល់ថា វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បួនមួយដូសនេះ នឹងនាំមកនូវសុភមង្គលដល់បុត្រធីតា របស់លោកអ្នកពេញមួយជីវិត ។យើងថែទាំចិញ្ចឹមបុត្រធីតា តែងតែរមែងចង់ឃើញកូនមានសុខភាពល្អ សម្រស់ស្អាត និងមានសុភមង្គល តែបើនៅពេលដែលបុត្រធីតាអ្នក កើតជំងឺមហារីកមាត់ស្បួនហើយ នោះនឹងបាត់បង់គ្រប់យ៉ាង កុំថាឡើយសម្រស់ គឺបាត់បង់សុមភ​មង្គលទាំងស្រុង»

ជាមួយគ្នានោះឯកឧត្តមសាស្រ្តាចារ្យក៏បានលើកទឹកចិត្តដល់មន្ត្រី បុគ្គលិក សុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ឲ្យចូលរួមគ្នា ដើម្បីការពារសុខភាពកុមារីទាំងអស់នៅកម្ពុជា។

ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត Pascal Ringwald តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងអបអរសាទរដ៏ក្រៃលេងចំពោះក្រសួងសុខាភិបាល ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ មានសារៈសំខាន់ និងជាប្រវត្តិសាស្រ្តនៅពេលនេះ។

លោកបន្ដថាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺជាយុទ្ធសាស្ត្រការពារដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ដើម្បីឆ្ពោះទៅរកការលុបបំបាត់ជំងឺមហារីកមាត់ស្បូនទាំងស្រុងនៅពេលអនាគត។ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននេះ គឺមានសុវត្ថិភាព និងជាវិធានការបង្ការមួយដ៏មានប្រសិទ្ធភាពបំផុតដែលអាចការពារជំងឺមហារីកមាត់ស្បូន។ ការសម្រេចបាននូវការគ្របដណ្តប់ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនមួយដូសខ្ពស់លើសពី៨០% នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជន គ្រួសារ និងសហគមន៍នៅក្នុងទសវត្សរ៍ខាងមុខ។

លោកវេជ្ជបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសមធម៌អំពីការដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការថា ត្រូវធានាថាគ្រប់កុមារីដែលមានសិទ្ធទទួលបានថ្នាំបង្ការត្រូវទទួលបានថ្នាំបង្ការឱ្យបានគ្រប់ៗគ្នា ជាពិសេសកុមាររីដែលរស់នៅក្នុងសហគមន៍ដែលមានហានិភ័យខ្ពស់ ជនក្រីក្រក្នុងទីក្រុង សហគមន៍ដាច់ស្រយាល និងជនបទ ព្រមទាំងកុមារីដែលជាជាតិភាគតិច និងជនចំណាកស្រុក ។ការទទួលបាន ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនគឺមានសារៈសំខាន់សម្រាប់ការលើកកម្ពស់សមធម៌សុខភាព និងការពារសុខុមាលភាពរបស់កុមារគ្រប់រូបនៅកម្ពុជា។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា អង្គការយូនីសេហ្វបានប្តេជ្ញាចិត្តរួចស្រចក្នុងការគាំទ្រដល់ការកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ជំងឺមហារីកមាត់ស្បូន និងលើកកម្ពស់សុខភាពសម្រាប់ទាំងអស់គ្នា។

លោក Thabani Maphosa នាយកគ្រប់គ្រងកម្មវិធីផ្តល់សេវាប្រចាំប្រទេសរបស់អង្គការសម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំងនិងការផ្ដល់ថ្នាំបង្ការ (Gavi) ក៏បានលើកឡើងផងដែរថា ថ្ងៃនេះជាជំហានដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ដ៏សាហាវនៃជំងឺមហារីកមាត់ស្បូននៅកម្ពុជា។ ការទន្ទឹងរង់ចាំត្រូវបានបញ្ចប់ចំពោះការទទួលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន នេះគឺផ្តល់ឱកាសមួយដ៏វិសេសវិសាលមួយដល់កុមារី និងស្រ្តីវ័យជំទង់ទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលទទួលបានការការពារពីការស្លាប់ និងប្រឆាំងពីជំងឺដ៏កាចសាហាវដែលអាចការពារនេះ។

សូមជម្រាបថា សកម្មភាពសមូហភាព និងសម្មភាពបន្ទាន់ជាច្រើនទៀតនឹងត្រូវអនុវត្តដើម្បីធ្វើការពង្រឹកការផ្តល់សេវាឱ្យបានទៅដល់សហគមន៍ទាំងអស់ និងដើម្បីធានាបានថា «គ្មានកុមារីណាម្នាក់មិនបានទទួលថ្នាំបង្ការជំងឺមហារីកមាត់ស្បូននេះឡើយ»