កម្ពុជាស្វាគមន៍ក្រុមភ្ញៀវទេសចរកូរ៉េ ៤០០នាក់ជាលើកដំបូង បន្ទាប់ពីខកខានដោយសារវិបត្តិជំងឺកូវីដ១៩


ក្រុមភ្ញៀវទេសចរកូរ៉េចំនួន៤០៣នាក់ បានមកដល់ខេត្តសៀមរាបជាលើកដំបូង បន្ទាប់ពីខកខានដោយសារវិបត្តិកូវីដ១៩ ខណៈថ្នាក់ដឹកនាំក្រសួងទេសចរណ៍ក៏រំពឹងពីកំណើនភ្ញៀវទេសចរអន្តរជាតិបន្ថែមនៅចុងឆ្នាំនេះដែរ។

លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ការចុះចតគឺនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ជាមួយនឹងការស្វាគមន៍តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកកក់ក្ដៅ។

លោកបានបន្ថែមថា ក្រុមភ្ញៀវទេសចរនេះបានដឹងឮពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណរបស់កម្ពុជាជាយូរមកហើយ។ សម្រាប់ដំណើរទេសចរណ៍នេះ ពួកគេនឹងមកទស្សនានិងស្នាក់នៅក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ។

លោករដ្ឋលេខាធិការបានបង្ហាញការរំពឹងទុកថា តាមរយៈការមកដល់របស់ក្រុមភ្ញៀវទេសចរកូរ៉េនេះដែរ នឹងជួយទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិបន្ថែមនៅចុងឆ្នាំ២០២៣នេះ ដោយកម្ពុជាក៏បានត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍វត្តមានភ្ញៀវទេសចរពីគ្រប់ទិសទី។

គួរជម្រាបថា រយៈពេល៨ខែឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៣.៥លាននាក់។ តាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ៤.៥លានទៅ៥លាននាក់ សម្រាប់ពេញមួយឆ្នាំ២០២៣នេះ។

លោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្ន យន្តហោះដឹកអ្នកដំណើរដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា ក្នុងមួយថ្ងៃមានចាប់ពី១២ទៅ១៣ជើង ខណៈនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានអ្នកដំណើរចាប់ពី១,០០០ទៅ១,៥០០នាក់ក្នុងមួយថ្ងៃ។

លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តថា គោលដៅជើងហោះហើរដែលតភ្ជាប់ជាមួយអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា ភាគច្រើនមានតែក្នុងតំបន់អាស៊ាន ដូចជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៉ីជាដើម។ ដោយឡែកសម្រាប់ជើងហោះហើរមកពីប្រទេសចិន គឺមិនសូវទៀតទាត់នោះឡើយ យូរៗមាន១ជើងឬ២ជើងប៉ុណ្ណោះ។

បើតាមលោក ស៊ិន ចាន់សិរីវុត្ថា ថ្មីៗនេះទៀតសោតក៏មិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ណាមួយចង់ភ្ជាប់ជើងហោះហើរ ឬគោលដៅជាមួយកម្ពុជាទៀតនៅឡើយដែរ ប៉ុន្តែរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលនៅតែមានសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌានឹងចាប់ផ្ដើមភ្ជាប់ជើងហោះហើរជាមួយគ្នាឱ្យបានឆាប់ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរពីប្រទេសមហាយក្សឥណ្ឌា និងប្រទេសទី៣ មកកាន់គោលដៅទេសចរណ៍កម្ពុជាបន្ថែមទៀត៕