កម្ពុជាសាទរចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ ADB ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វីនហ្រ្វែត វីកក្លែន អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី ៩-១០ ខែតុលា ឆ្នាំ ២០២៣។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វីនហ្រ្វែត វីកក្លែន ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ ក្នុងការគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ រហូត ដល់បច្ចុប្បន្ន។

លោក វីនហ្រ្វែត វីកក្លែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធជាមួយ ADB ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក ហើយលោកបានត្រៀមខ្លួនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អនេះបន្ថែមទៀត សំដៅបន្តរួមចំណែកក្នុងកិច្ចដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសាទរចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ ADB រួមមាន៖

១៖ ការពង្រីកនូវទំហំឥណទានធំជាងមុន តាមរយៈការកែទម្រង់ការគ្រប់គ្រងមូលធន ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍នានា ដែលក្នុងនោះ កម្ពុជាក៏នឹងត្រូវចាត់ចូលជាប្រទេសដែលទទួលបាននូវប្រភព ធនធានទំហំធំ ពិសេស សម្រាប់គម្រោងពង្រឹងការបន្សាំទៅនឹងអាកាសធាតុ;
២៖ ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធប្រតិបត្តិការថ្មី របស់ ADB ក្នុងគោលដៅពន្លឿនការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការធ្វើប្រតិភូកម្មសិទ្ធិសម្រេច និង ការទទួលខុសត្រូវកាន់តែច្រើនជាងមុន ជូនស្ថានតំណាងរបស់ ADB ប្រចាំកម្ពុជា

៣៖ ការវិនិយោគគម្រោង ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍវិស័យឯកជន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ជាពិសេស ការពង្រឹង វិស័យហិរញ្ញវត្ថុសម្រាប់គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈប្រតិបត្តិការ Non-Sovereign Operations ដូចមានចែងក្នុង យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨ ដែលទើបត្រូវបានអនុម័តនាពេលថ្មីៗនេះ ដើរស្របគ្នានឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា, នីតិកាលទី ៧ នៃរដ្ឋសភា, ដែលមានគោលបំណងរួមចំណែកគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ADB ចំពោះការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ និងបានជូនពរលោក វីនហ្រ្វែត វីកក្លែន ព្រមទាំងសហការី ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា៕