ក្រសួងទេសចរណ៍ ស្នើឱ្យក្រុមហ៊ុន VINCI Airports បន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ ក្នុងភាពជាដៃគូល្អរវាងរដ្ឋ និងឯកជន


នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Emmanuel Menanteau នាយកតំបន់នៃក្រុមហ៊ុន VINCI Airports ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសការផ្តល់បដិសណ្ឋារកិច្ចល្អជូនភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរចេញ-ចូលប្រទេសកម្ពុជាតាមផ្លូវអាកាស នៅទីស្តីការក្រសួងទេសចរណ៍ ។

នាឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Emmanuel Menanteau និងក្រុមការងារក្រុមហ៊ុន VINCI Airports និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនជាច្រើនឆ្នាំកន្លងមក ក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យក្រុមហ៊ុន VINCI Airports បន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ក្នុងភាពជាដៃគូល្អរវាងរដ្ឋ និងឯកជន សំដៅជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការបន្តគាំទ្រនូវកិច្ចសហប្រតិបត្តិការល្អ និងភាពជាដៃគូជិតស្និទ្ធជាមួយក្រុមហ៊ុន VINCI Airports ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាញបទពិសោធន៍ជាសាកលរបស់ VINCI Airports ក្នុងការពង្រឹងការតភ្ជាប់ជើងហោះហើរមកកម្ពុជាកាន់តែច្រើនថែមទៀត ស្របតាមទិសដៅយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍គឺ បង្កើន៥ និងអភិវឌ្ឍន៍៣ (BUILD + 3Ds)។

លោក Emmanuel Menanteau បានអបអរសាទរ ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។ បន្ទាប់មក លោក Emmanuel Menanteau បានរាយការណ៍ពីសកម្មភាពការងាររបស់ក្រុមហ៊ុន VINCI Airports អំពីបច្ចុប្បន្នភាពនៃព្រលានយន្តហោះទាំងបី។ លោក Emmanuel Menanteau បានគូសបញ្ជាក់ថា ទោះក្នុងអំឡុងពេលនៃការបិទខ្ទប់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ក្រុមហ៊ុន VINCI Airports នៅតែបន្តបេសកកម្មរបស់ខ្លួន ដែលបានចូលរួមចំណែកទ្រទ្រង់វិស័យទេសចរណ៍ និងការធ្វើដំណើរនៅកម្ពុជាឱ្យមានស្ថិរភាពតាមរយៈការរក្សាបានលំហូរទេសចរជាតិ-អន្តរជាតិជាបន្តបន្ទាប់។ លោក Emmanuel Menanteau បានសន្យាបន្តផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារបារាំង និងអឺរ៉ុប។

ឯកឧត្តមរដ្ឋមន្ត្រី និង លោក Emmanuel Menanteau បានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញភាពប្រកួតប្រជែងទេសចរណ៍ ចីរភាពទេសចរណ៍ និងបរិយាបន្នទេសចរណ៍សម្រាប់វិស័យទេសចរណ៍កម្ពុជា៕