បន្ទាប់ពីបានអញ្ជើញនាំយកអំណោយដែលជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃចំនួន១៥វត្ត នៅមូលដ្ឋានខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់រួចមក។
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូ ភត្រ្តា ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានបន្តសហការជាមួយ អាជ្ញាធរខេត្តកំពង់ធំ ព្រះមេគណខេត្ត និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅ នៅតាមទីអារាម ក្នុងមូលដ្ឋានខេត្តកំពង់ធំ ក្រោយពេលរដូវបុណ្យភ្ជុំបិណ្ឌរួច ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាកេរ្តិ៍តំណែលរបស់ពុទ្ធបរិស័ទគោរពប្រតិបត្តិតរៀងមក។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញសួរសុខទុក្ខព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ និងប្រគេនទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យដល់ ព្រះសង្ឃគ្រប់ព្រះអង្គនៅវត្តឥន្រ្ទីយ៍សំវរៈ ហៅវត្តកំពង់ធំ ព្រមទាំងពិនិត្យមើលស្ថានភាពទូទៅនៅតាមទីអារាមក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។
ឯកឧត្តម ចាយ បូរិន បានលើកឡើងថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។
ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ ទុក្ខលំបាក ការខ្វះខាត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុលអ្វីឡើយ ពោលទីណាមានទុក្ខ ទីនោះមានប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាអ្នកដោះស្រាយ។
នៅក្នុងឱកាសប្រកបដោយបីតិសោមនស្សជ្រះថ្លានេះដែរ ឯកឧត្តម ចាយ បូរិន និងលោកស្រី សូ ភត្រ្តា បានប្រគេននូវទេយ្យទាន គ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករ ៥,៥០០គីឡូក្រាម, មី ២៧៥កេស និងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដល់វត្តចំនួន១២ ក្នុងមូលដ្ឋានខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅខេត្តកំពង់ធំ កាន់តែរីកចម្រើនទ្វេរឡើងថែមទៀត៕