ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុន CP របស់ថៃ បង្ហាញបំណងពង្រីកការវិនិយោគផ្នែកអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប


(ប៉េកាំង, ចិន)៖ ក្រុមហ៊ុន Charoen Pokphand Group (CP Group) របស់ថៃ បាន​បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជាលើផ្នែកអចលនទ្រព្យ សុខាភិបាល និង​ផ្កាយរណប។ បំណងពង្រីកការវិនិយោគនៅកម្ពុជា ក៏ដោយសារក្រុមហ៊ុនមើលឃើញពី​កត្តា​សុខសន្តិភាព ស្ថេរភាពនយោបាយ និងគោលនយោបាយល្អៗរបស់រាជរដ្ឋាភិបាល​កម្ពុជាពាក់ព័ន្ធការវិនិយោគ។

បំណងនេះត្រូវបានលើកបង្ហាញដោយលោក សែ ភីង (Tse Ping) អគ្គនាយរង​ក្រុម​ហ៊ុន Charoen Pokphand Group (CP Group) ក្នុងពេលជួបចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ក្នុងជំនួបនេះ លោក សែ ភីង បានថែ្លងអបអរសាទរ សម្តេចធិបតី ទទួលបានការគាំទ្រ​ឱ្យ​ដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី។ លោក សែ ភីង ក៏បានជម្រាបសម្តេចធិបតី អំពី​ការ​រីកលូតលាស់របស់ក្រុមហ៊ុន CP Group ដែលមានអាយុកាលជាង ១០០ឆ្នាំ ជាមួយនឹង​បទពិសោធន៍ដ៏សម្បូរបែបក្នុងវិស័យធុរកិច្ច ហើយសព្វថ្ងៃក៏មានការវិនិយោគនៅ​ក្នុងប្រទេសកម្ពុជាលើកសិដ្ឋានចិញ្ចឹមសត្វ និងអចលនទ្រព្យផងដែរ។

លោក សែ ភីង ក៏បានជម្រាបសម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន​ក្នុងការ​ពង្រីក​ការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយ​រណប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់​ដឹ​ក​នាំរបស់ក្រុមហ៊ុន CP Group នាឱកាសនេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការការគាំទ្រចំពោះគម្រោងវិនិយោគនានា​របស់​ក្រុមហ៊ុននៅកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងទៀត​ដែល​ក្រុមហ៊ុន CP Group មានចំណាប់អារម្មណ៍ ដែលមានជាអាទិ៍វិស័យអចលនទ្រព្យ, សុខាភិបាល និងផ្កាយរណប។

សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនទាក់ទងពិភាក្សាការងារជាមួ​យ​ក្រសួង​-ស្ថាប័នជំនាញ​ពាក់​ព័ន្ធរបស់កម្ពុជា៕