ព្រឹទ្ធសភា អនុម័តគាំទ្រទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល


(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានបើកសម័យប្រជុំលើកទី១១ នីតិកាលទី៤ ដោយបានអនុម័តគាំទ្រទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល។ សម័យប្រជុំមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៦០រូប។

តាមការប្រកាសរបស់ព្រឹទ្ធសភា  បានបញ្ជក់យ៉ាងដូច្នេះថា៖ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងជំនួសច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍ នៅព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិក នៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។

សេចក្តីព្រាងច្បាប់នេះ ដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលការគាំទ្រនិងជំរុញវិស័យ ទេសចរណ៍ ពាណិជ្ជកម្ម ការទាក់ទាញនិងជំរុញដល់ការវិនិយោគផ្ទាល់ពីបរទេស និងធុរកិច្ចក្នុង ស្រុកប្រកបដោយទំនុកចិត្ត និងមានលក្ខណៈសេដ្ឋកិច្ច។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ១១មាត្រា និងត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០១សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ០៣រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា៕