អភិបាលខេត្តកំពង់ឆ្នាំង គូសបញ្ជាក់ថា ការផ្លាស់ប្ដូរតួនាទី គឺជាគោលការណ៍អភិបាលកិច្ចល្អ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាល


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ការផ្លាស់ប្ដូរតួនាទី គឺជាគោលការណ៍អភិបាលកិច្ចល្អ និងជាការការកែទម្រង់ប្រព័ន្ធរដ្ឋបាល ដោយពង្រីកវិសាលភាពសេវាកម្ម ដែលផ្តល់ដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យបានទូលំទូលាយ តាមរយៈការប្រមូលផ្តុំសេវាកម្មទាំងអស់ ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ និងអតិថិជននៅកន្លែងតែមួយ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងនិងផ្លាស់ប្ដូរតួនាទីទីចាត់ការប្រធានភាពច្រកចេញ-ចូលតែមួយ ចំណុះរដ្ឋបាលខេត្តកំពង់ឆ្នាំង នាថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២០៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តមស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍បន្តថា កែលម្អ ការផ្តល់សេវារដ្ឋបាល កាត់បន្ថយអំពើពុករលួយ និងបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋ មកលើប្រព័ន្ធរដ្ឋបាល ។ លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការផ្តល់មតិយោបល់ និងការរិះគន់ស្ថាបនាដើម្បីកែលម្អការអនុវត្តលើប្រព័ន្ធរដ្ឋបាល ។ បង្ខិតរដ្ឋបាលឱ្យនៅកៀកជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលនៅក្នុងអាណត្តិ នៃការដឹកនាំកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចដឹកនាំ ប្រកបដោយការសាមគ្គីភាព ក្នុងជួរគណៈអភិបាលក្រុង ស្រុក និងមន្ត្រីរាជការទាំងអស់ សម្រេចបាននូវលទ្ធផលល្អប្រសើរ ទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗ ដល់មន្ត្រីដែលទទួលតំណែងថ្មីនោះថាត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសឱ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។ ត្រូវបង្កើនការសហការ ក្នុងការថែរក្សាពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងជាដើម ។ គណៈអភិបាលក្រុង ស្រុក និងរដ្ឋបាលច្រកចេញ-ចូលតែមួយ ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ក្នុងជួរគណៈអភិបាលឱ្យបានច្បាស់លាស់ ។ ត្រូវខិតខំពង្រឹងការអនុវត្តការងារ របស់ការិយាល័យច្រកចេញ-ចូលតែមួយ និងផ្ដល់ការគាំទ្រដល់យន្តការច្រកចេញ-ចូលតែមួយ នៅរដ្ឋបាលស្រុក ឃុំ ឱ្យមានដំណើរការល្អ ដើម្បីលើកកម្ពស់ការផ្ដល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពប្រកបដោយអភិបាលកិច្ចល្អ ស្របតាមបែបបទ និងនីតិវិធី នៃការផ្ដល់សេវា តាមរចនាសម្ព័ន្ធ មុខងារថ្មី ប្រកបដោយវឌ្ឍនភាព និងជីភាពប្រជាពលរដ្ឋទទួលយកបាន ។

ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា អង្គភាពច្រកចេញ-ចូលតែមួយ របស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ប្ដូរឱ្យទៅបម្រើការងារជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្តកំពង់ឆ្នាំង ។ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជានាយកទីចាត់ការអន្តរ វិស័យខេត្តកំពង់ឆ្នាំង ។ ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាប្រធានអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តកំពង់ឆ្នាំង ។

តាមដីការបស់រដ្ឋបាលខេត្តផ្ទេរភារកិច្ច ក្នុងពិធីប្រកាសចូលកាន់តំណែង និងផ្លាស់ប្ដូរតួនាទី ទីចាត់ការប្រធានភាពច្រកចេញ-ចូលតែមួយ ចំណុះរដ្ឋបាលខេត្តកំពង់ឆ្នាំង គឺផ្ទេរភារកិច្ចលោក ឈាង បូរ៉ា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ពីប្រធានអង្គភាពច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ឱ្យទៅបម្រើការងារជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្តកំពង់ឆ្នាំង ។ លោក វ៉ាន់ ថេន រដ្ឋបាលសាលាខេត្ត ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជានាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ឆ្នាំង និងលោក ហ៊ូ ប៊ុនថន ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាប្រធានអង្គភាពច្រកចេញ-ចូលតែមួយ សាលាខេត្តកំពង់ឆ្នាំង៕