(ប៉េកាំង, ចិន)៖ នៅក្នុងសប្តាហ៍នេះមេដឹកនាំពិភពលោកជាច្រើនរូប បានជួបជុំគ្នានៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣។ ក្នុងវេទិកានេះ ក៏មានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនផងដែរ។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានឱ្យដឹងថា មេដឹកនាំចូលរួមក្នុងវេទិកានេះ រួមមាន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថៈវីស៊ីន, ប្រធានាធិបតីឥណ្ឌនេស៊ី ឯកឧត្តម ចូកូ វីដូដូ, ប្រមុខរដ្ឋវៀតណាម វ៉ វ៉ាន់ធឿង និងប្រមុខរដ្ឋឡាវ ថងលូន ស៊ីសូលីត។
វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ធ្វើឡើងក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។
ក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវ»លើកទី៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះផងដែរ ដោយផ្តោតទៅលើ «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។
វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ មានការចូលរួមពីប្រទេសច្រើនជាង១៣០ និងអង្គការអន្តរជាតិចំនួន៣០ មកពីជុំវិញពិភពលោក ហើយគិតជាសរុបមានអ្នកចូលរួមជាង ៤,០០០នាក់។ មេដឹកនាំសំខាន់ៗដែលចូលរួមវេទិកានេះ មានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូទែរ៉េស, ប្រធានាធិបតីរុស្ស៉ី ឯកឧត្តម Vladimir Putin, ប្រធានាធិបតីស្រីលង្កា ឯកឧត្តម Ranil Wickremesinghe, ប្រធានាធិបកេនយ៉ា ឯកឧត្តម William Ruto, ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo, នាយករដ្ឋមន្ត្រីហុងគ្រី ឯកឧត្តម Viktor Orban និងប្រធានាធិបតីអាហ្សង់ទីន ឯកឧត្តម Alberto Fernandez ជាដើម។
ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង បានគូសបញ្ជាក់ដូច្នេះថា គោលដៅគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គឺពង្រឹងគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចសកល។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានប្រកាសដាក់ចេញដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីឆ្នាំ២០១៣ គោលបំណងជ្រោងទង់អភិវឌ្ឍន៍ដោយសន្តិភាព អភិវឌ្ឍយ៉ាងសកម្មនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ព្រមទាំងរួមគ្នាកសាងសហគមន៍ផលប្រយោជន៍រួម សហគមន៍ជោគវាសនារួម និងសហគមន៍ទំនួលខុសត្រូវរួម ដែលមានទំនុកចិត្តខាងនយោបាយទៅវិញទៅមក ធ្វើសមាហរណកម្មសេដ្ឋកិច្ច និងមានភាពបរិយាប័ន្នផ្នែកវប្បធម៌ ។
យុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ព្យាយាមលើកកម្ពស់ និងសម្របសម្រួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ថដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទង ព្រមទាំងការងារដទៃទៀត។
គំនិតផ្តួចផ្តើមនេះ គឺឈរលើមូលដ្ឋាននៃផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណ និងផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវសមុទ្របុរាណ។ ក្នុងនោះ ផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណ ត្រូវបានបង្កើតឡើងកាលពីជាង ២ពាន់ឆ្នាំមុន មានប្រភពចេញពីក្រុងស៊ីអានប្រទេសចិន ឆ្លងកាត់ប្រទេសជាច្រើននៅអាស៊ីកណ្តាលនិងអាស៊ីបូព៌ា រហូតទៅដល់ឧបទ្វីបអ៊ីតាលីនាសម័យបុរាណ ដែលមានប្រវែងសរុប ៦៤៤០គីឡូម៉ែត្រ។ ចំណែកឯផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវទឹកបុរាណវិញ ក៏មានអាយុកាលជាង ២ពាន់ឆ្នាំដែរ ដោយផ្តើមដំណើរពីទីក្រុងកំពង់ផែមួយចំនួនរបស់ប្រទេសចិនដូចជាក្វាំងចូវ ឈាន់ចូវ នីងប៉ និងយ៉ាងចូវជាដើមទៅកាន់សមុទ្រអារ៉ាប់ រហូតដល់ឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិក។
គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ មានប្រទេសចំនួន១៥២ និងអង្គការអន្តរជាតិចំនួន៣២ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ចំនួនជាង២០០ ឯកសារជាមួយប្រទេសចិន ដែលសបង្ហាញថាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុតនៅលើពិភពលោក។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការច្រើនជាង២០០ ជាមួយប្រទេសជាង១៥០ និងអង្គការអន្តរជាតិចំនួន៣០ នៅទូទាំងទ្វីបទាំង៥៕