ឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ចូលរួមក្នុងវេទិកាកំពូល «ខ្សែក្រវាត់និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣


(រដ្ឋធានីប៉េកាំង)៖ ឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ចូលរួមក្នុងវេទិកាកំពូល «ខ្សែក្រវាត់និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣។

វេទិកាកំពូល «ខ្សែក្រវាត់និងផ្លូវ» ឯកឧត្តម ឡាវ វ៉ាន់ បានយល់ឃើញថា កិច្ចសហប្រតិបត្តិការរយៈពេល១ទសវត្សរ៍ក្ រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលមិនត្រឹមចូលរួមផ្តល់ផលប្រយោជន៍ក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមបំពេញបាននូវវេទិកាពហុភាគីក្នុងគោលបំណងផ្តល់ប្រយោជន៍កាន់តែច្រើនដល់ប្រជាជាតិតាមបណ្តោយផ្លូវសូត្រ។

បន្ថែមពីលើនេះក្នុងចំណោមសកម្មភាពទាំង៨ ដែលឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនបានប្រកាសគាំទ្រការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់លោក ឡាវ វ៉ាន់ បានកត់សម្គាល់ថា កិច្ចគាំទ្រការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្រោមទម្រនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» នេះ ពិតជាបានផ្តល់ជាវេទិកាដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយឈរលើគោលការណ៍សមភាព និងគោរពគ្នាទៅវិញទៅមក ដោយបង្កើនចំណងមិត្តភាពកាន់តែសកម្មនិងកាន់តែស្វាហាប់នូវទំនាក់ទំនងរវាងប្រទេសនិងប្រទេស ជាពិសេសបន្ថែមចំណងកាន់តែរឹងមាំលើទំនាក់ទំនងដួងចិត្តរវាងប្រជាជន និងប្រជាជន។

តាមរយៈចំណងមិត្តភាពនេះ ឯកឧត្តម ឡាវ វ៉ាន់ ក៏បានទទួលឱកាសច្រើនក្នុងទំនាក់ទំនងជាមួយបណ្តាដៃគូអភិវឌ្ឍ និងសាកលវិទ្យាល័យនានាក្នុងប្រទេសចិន ដែលផ្តល់លទ្ធភាពបន្ថែមក្នុងការផ្តល់អាហារូបករណ៍ ដល់សិស្ស-និស្សិតកម្ពុជា និងពង្រីកឱកាសសម្រាប់កម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សានានា។

ជាមួយគ្នានេះផងដែរ តាមរយៈកិច្ចពិភាក្សានៅក្នុងវេទិកាប្រជាជននិងប្រជាជន បណ្តាសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសចិន មានចំណាប់អារម្មណ៍ខ្លាំងលើកិច្ចសហការជាមួយជាច្រើន។ ក្នុងនាមជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមបង្កើនទំហំអង្កត់ផ្ចិតកាន់តែធំក្នុងការផ្តល់ឱកាសដល់សិស្ស-និស្សិតកម្ពុជា មកបន្តការសិក្សានៅក្នុងប្រទេសចិន ដែលនេះជាការគូសបញ្ជាក់កាន់តែច្បាស់ពីបេសកកម្មការងាររបស់ក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងរង្វង់នៃការអភិវឌ្ឍមូលធនមនុស្ស នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕