រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរុញអភិបាលក្រុង-ស្រុក អនុវត្តន៍នូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យបានជាប់ជាប្រចាំ


រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម អង មង្គល បានជំរុញឱ្យអភិបាលក្រុង-ស្រុក ទាំងអស់នៅខេត្តកណ្ដាល បន្តចុះពង្រឹង និងអនុវត្តន៍នូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដល់ឃុំ-សង្កាត់ របស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវសុខសុវត្ថិភាព ស្ថិរភាព និង បង្កើននូវជំនឿទុកចិត្ត ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ពិសេសត្រូវតាមដានឱ្យបានជាប់ជាប្រចាំ នូវបញ្ហាគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង ដែលកំពុងបន្តគំរាមកំហែងដល់ភូមិ ឃុំ របស់ប្រជាពលរដ្ឋមួយចំនួន នៅក្នុងខេត្តកណ្ដាល ផងដែរ ។

ក្នុងឱកាសនោះដែរឯកឧត្តម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគោលនយោ បាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំខែតុលា ឆ្នាំ២០២៣ និង លើកទិសដៅអនុវត្តន៍បន្ត របស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃ ពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកណ្ដាល ។

ឯកឧត្តមមានប្រសាសន៍ថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ធ្វើឱ្យរដ្ឋបាលខេត្ត ទប់ស្កាត់បាននូវបទល្មើសនាន ក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន, ចោរកម្ម, ល្បែងស៊ីសង, គ្រោះថ្នាក់ចរាចរណ៍, ការជួញដូរមនុស្ស, ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍, បទល្មើសសេដ្ឋកិច្ច, បទល្មើសនានាតាមច្រកព្រំដែន និងច្រករបៀងនានា ត្រូវបាន បង្ក្រាប ទប់ស្កាត់បានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយជាប្រចាំផងដែរ ។ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យប្រទេសជាតិមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនផងដែរ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា ក្នុងខែតុលា ឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្តកណ្ដាល បានធ្វើការណែនាំ និងតាមដាន ត្រួតពិនិត្យយ៉ាងដិតដល់លើសកម្មភាពអនុវត្តន៍គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដោយសម្រេចបានលទ្ធផលជាច្រើនក្នុងនោះ ការលើកកម្ពស់ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាននានា គ្រប់វិស័យ នៅគ្រប់លំដាប់ថ្នាក់រដ្ឋបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ទាំងផ្នែកបរិមាណ គុណភាព ប្រសិទ្ធភាព តម្លាភាព ពោលគឺ ជំរុញឱ្យការផ្តល់សេវា និងកិច្ចអន្តរាគមន៍នានាកាន់តែកៀកកិតនឹងប្រជាពលរដ្ឋ សំដៅបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋកាន់តែច្រើនឡើង ៕