ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញពិនិត្យ និងផ្តល់សម្ភារ ដើម្បីជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម


(កំពង់ចាម)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យ និងនាំសម្ភារមួយចំនួន ផ្ដល់ជូនអង្គភាពមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម ដើម្បីជំរុញការចុះបញ្ជីដីធ្លីបង្ហើយ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ការពិនិត្យ និងជំរុញដល់មន្ត្រីជំនាញក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបផងដែរ។

ឯកឧត្តម សាយ សំអាល់ បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាព ពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួងព្រលឹងជាតិខ្មែរ ដូច្នេះក្នុងអាណត្តិថ្មីនេះ អ្វីៗដែលយើងត្រូវធ្វើសម្រាប់ ថ្ងៃអនាគត គឺធ្វើយ៉ាងណាឲ្យឬសកែវ នៃដួងព្រលឹងជាតិឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ដល់ប្រជាពលរដ្ឋរបស់យើង។ ការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន រៀបចំធ្វើឡើងតាំពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៩ ទើបមានការចេញប័ណ្ណផ្ដល់សិទ្ធិឯកជន លើអចលនទ្រព្យ ជូនប្រជាពលរដ្ឋ លើកទី១។ ដូច្នេះពីឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០២៣នេះ វានឹងឈានទៅខួបលើកទី៤០ នៃការចេញបានកម្មសិទ្ធិដីធ្លីរបស់មន្ត្រីរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរថា មុននឹងឈានដល់ខួបលើកទី៤០ នៃការចេញបាញ់កម្មសិទ្ធិដីធ្លី មន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងធ្វើការងារទាំងអស់គ្នា ដើម្បីបង្ហើយការងារ ចុះបញ្ជីដីធ្លី ក្នុងខេត្តកំពង់ចាម ឲ្យចប់សព្វគ្រប់បានឆាប់រហ័ស៕