(ប៉េកាំង, ចិន)៖ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន ជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើកថែមទៀត។ ការឯកភាពនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ី ជីនពីង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
នៅក្នុងជំនួបនេះ ឯកឧត្តម ស៊ី ជីនពីង បានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ស្របពេលឆ្នាំនេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ លោកប្រធានាធិបតី ក៏បានសម្តែងការពេញចិត្តចំពោះការប្រាស្រ័យទាក់ទងជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពល្អជិតស្និទ្ធរវាងចិន-កម្ពុជា ហើយប្រទេសចិន ក៏នៅតែប្រកាន់ជំហរបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង សាជាថ្មីម្តងទៀត បន្ទាប់ពីជំនួបកាលពីខែកញ្ញា កន្លងទៅ។
សម្តេចធិបតី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ជូនចំពោះលោកប្រធានាធិបតីផងដែរ។ ជាមួយគ្នានេះ សម្តេចធិបតី បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំធ្វើជាម្ចាស់ផ្ទះនៃ «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» ស្របពេលនៃខួបគម្រប់ ១០ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ក៏ដូចជាជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ចំពោះការយកចិត្តទុកដាក់ទទួលស្វាគមន៍ព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងពិធីបើកនៃព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ នៅក្នុងទីក្រុង Hangzhou។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ។ ជាពិសេសតាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត «ច្រករបៀងមច្ឆានិងអង្ករ» និង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា»។
បន្ថែមពីលើនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីទិសដៅនៃការបន្តពង្រឹងមិត្តភាពដែកថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍, ថាមពល, ពាណិជ្ជកម្ម, វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ជាមួយគ្នានេះ ឯកឧត្តម ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក៕