ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អនុញ្ញាតិឲ្យលោកស្រី Makiko Matsumoto អ្នកឯកទេសផ្នែកមុខរបរ របស់អង្គការអន្តរជាតិខាងការងារ(ILO) ចូលជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតិឲ្យលោកស្រី Makiko Matsumoto អ្នកឯកទេសផ្នែកមុខរបរ របស់អង្គការអន្តរជាតិខាងការងារ(ILO) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារភ្នំពេញ។

មានមតិស្វាគមន៍ចំពោះវត្តមានរបស់លោកស្រី Makiko Matsumoto និងសហការី ឯកឧត្តមបានថ្លែងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបំផុត របស់អង្គការ ILO ជាមួយនិងកម្ពុជាពិសេសលើវិស័យការងារនាពេលកន្លងមក។ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានប្រសាសន៍ថាកិច្ចសហប្រតិ្តបត្តិការនេះបង្កើតបានជាផែនការសកម្មភាពសម្រាប់អនុវត្ត គោនយោបាយស្តីពីមុខរបរនិងការងារ (NEP) ដែលបច្ចុប្បន្នបានក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចាត់ទុកផែនការនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះ ការអភវិឌ្ឍវិស័យការងារនៅកម្ពុជា ជាងនេះទៅទៀតវាជាចំណែកមួយក្នុងការពង្រឹងនូវគោលនយោបាយសំខាន់ៗ ក្នុងនោះមានគោលនយោបាយស្តីពីវិស័យឧហ្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិស្តីពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ និងផ្ដល់ការលើកទឹកចិត្តផងដែរទៅលើការវិនិយោគផ្ទាល់ពីបរទេស ដែលការវិនិយោគផ្ទាល់ពីបរទេសមិនត្រឹមតែជួយបង្កើតការងារក្នុងវិស័យផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែវាអាចបង្កើនផលិតភាពសេដ្ឋកិច្ចក្នុងប្រទេសផងដែរ តាមរយៈការផ្សារភ្ជាប់ជាមួយចង្វាក់នៃការផ្គត់ផ្គង់ ចំណូលដែលបានពីការធ្វើការងារ និងការរៀបចំរចនាសម្ព័ន្ធទីផ្សារ។

ក្នុងនោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបញ្ជាក់ពីគោលជំហរគាំទ្រពេញទំហឹងចំពោះ គម្រោងផែនការសកម្មភាពសម្រាប់អនុវត្ត គោនយោបាយស្តីពីមុខរបរនិងការងារ (NEP)និងគម្រោងផ្សេងទៀតរបស់អង្គការខាងការងារ(ILO) ដើម្បីចូលរួមចំណែកលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។

បន្ទាប់ពីបានស្តាប់ការលើកឡើង របស់ឯឧត្តមបណ្ឌិតរដ្ឋមន្ត្រីចំពោះផែនការអភិវឌ្ឍជាតិរួចមក លោកស្រីពិតជាមានទស្សនៈវិជ្ជមានចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់លើវិស័យឧហ្សាហកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត ពិសេសឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់តែម្តង ដែលតែងយកចិត្តទុកដាក់អភិវឌ្ឍផែនការសកម្មភាពការងារនេះបានយ៉ាងល្អប្រសើរ។លោកស្រីបញ្ជាក់បន្តថា គោលបំណងរបស់លោកស្រីនិងសហការីមកក្នុងពេលនេះគឺដើម្បីស្វែងរកការពិគ្រោះយោបល់ ពីដៃគូពាក់ព័ន្ធបន្ថែមទៀត ពិសេសក្រសួងការងារតែម្តងដើម្បីសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រីចំពោះការអនុវត្តផែនការសកម្មភាពនេះឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

លោកស្រីបញ្ជាក់បន្តថា កម្ពុជាពិតជាមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ កម្រិតនៃការរីកចម្រើននោះគឺបានមកពីការចូលរួមលើវិស័យជាច្រើនក្នុងនោះវិស័យឧហ្សាហកម្មគឺជាផ្នែកមួយដ៏សំខាន់ ដែលវិស័យនេះបានរួមចំណែកយ៉ាងខ្លាំងចំពោះកំណើននៃការអភវិឌ្ឍសេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន។

លោកស្រីមានប្រសាសន៍ថា ឱកាសការងារក្នុងសេដ្ឋកិច្ចផ្លូវការ មិនត្រឹមតែជួយលើកកម្ពស់ការងារសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំឱ្យមានការងារប្រកបដោយផលិតភាពផងដែរ។ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងក្របខណ្ឌគតិយុត្ត គឺជាជំហានដំបូងដ៏សំខាន់បំផុតផងដែរ ដើម្បីលើកកម្ពស់ការងារសមរម្យ ព្រមទាំងនាំឱ្យកម្មករនិយោជិតឈានទៅរកបច្ចេកវិទ្យា ការអប់រំ ទីផ្សារការងារ និងការបណ្ដុះបណ្ដាល។

ជាចុងក្រោយលោកស្រីតំណាងអង្គការអន្តរជាតិខាងការងារ(ILO)បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដែលបានបង្ហាញនូវសកម្មភាពគាំទ្រចំពោះ គម្រោងរបស់អង្គការ(ILO)កន្លេងមក ពិសេសផែនការអភិវឌ្ឍជាតិនេះតែម្តង ដែលផែនការនេះវាជាធាតុចូលមួយដ៏មានសារៈសំខាន់ ដើម្បីពិនិត្យមើលលទ្ធភាព និងផលិតភាពការងារដែលមានបញ្ហាប្រឈមក្នុងវិស័យឧហ្សាហកម្ម៕