(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណូមពរឲ្យអូស្ត្រាលីពិនិត្យលទ្ធភាព ដើម្បីវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ខណៈដែលកំណើនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចេះតែកើនឡើងប្រឈមទៅហ្នឹងការកកស្ទះចរាចរណ៍។
ការសំណូមពរបែបនេះ របស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ បានឆ្លងកាត់នូវសង្គ្រាមយ៉ាងច្រើន ពិសេសនៅក្នុងរបបប៉ុលពត កម្ពុជាបានធ្លាក់ដល់ចំណុចសូន្យ។ តែក្រោយឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្រៅពីរំដោះប្រទេសពីរបបប៉ុល ពតហើយនោះ នូវបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើនថែមទៀត ដែលគិតមកពេលនេះ រាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅ និងចេញចូលរកស៊ី ប្រមាណជា ៣លាននាក់ មានរថយន្តប្រមាណ ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២លាន២សែនគ្រឿង ពោលគឺចំនួនមនុស្ស និងយានយន្ត សឹងតែស្មើគ្នាទៅហើយ កត្តានេះហើយដែលធ្វើអោយរាជធានី ប្រឈមទៅនឹងការកកស្ទះបរាចរណ៍រាល់ថ្ងៃ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាងស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាក់ស្តែងកាលម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឲ្យដំណើរការស្ពានឆ្លងកាត់ទន្លេកោះពេជ្រ-កោះនរា ឱ្យធ្វើចរាចរផ្លូវទាំងសងខាង ដែលវាអាចដោះស្រាយចរាចរណ៍បានមួយកម្រិតថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងក្តីរដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែគិតគូរពីបញ្ហាការប្រឈមទាំងនេះ ។ ឯកឧត្តមសំណូមពរឲ្យអ្នកមាននិយោគទុនរបស់អូស្រ្តាលីពិនិត្យលទ្ធភាព ដើម្បីវិនិយោគទៅលើការដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ក្រៅពីប្រឈមនឹងបញ្ហាចរាចរណ៍ រាជធានភ្នំពេញក៏មានិងបញ្ហាប្រឈមទៅនឹងបញ្ហាប្រព័ន្ធលូប្រឡាយផងដែរ ដែលបញ្ហានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ណាស់ ដោយធ្វើយ៉ាងណាអោយរាជធានីភ្នំពេញលែងលិចលង់ ក្នុងរយៈពេល៤ឆ្នាំទៀត។
ឯកឧត្តម ចាស្ទីន វ៉ាយអេត (Justin Whyatt) បានលើកឡើងថាកាលពីឆ្នាំ២០០១ លោកបានមកបំពេញការងារនៅភ្នំពេញ តែ២០ឆ្នាំចុងក្រោយនេះ ពេលលោកមកដល់ភ្នំពេញម្តងទៀត ឃើញថា ភ្នំពេញពិតជាមានការអភិវឌ្ឍន៍រីកចម្រើនលឿនខ្លាំង នេះគឺជាជោគជ័យមួយរបស់រាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅតាមខេត្ត សម្រុកចូលមករកស៊ីនៅរាជធានីភ្នំពេញ ដែលធ្វើឲ្យប្រឈមទៅនឹងការកកស្ទះចរាចរណ៍និងបញ្ហាទឹកស្អាតថែមទៀត។
ឯកឧត្តមបញ្ជាក់ផងដែរថា ការមកសម្ដែងការគួរសមនេះ លោកមានបំណង ចង់ស្ដាប់ពីបញ្ហាប្រឈមនានារបស់រដ្ឋបាលរាជធានីភ្នំពេញ និងការដោះស្រាយប្រឈមទាំងនោះ ។
ឯកឧត្តម ចាស្ទីន វ៉ាយអេត បានបន្តទៀតថា ទំនាក់ទំនង រវាងកម្ពុជា និងអូស្ត្រាលី បានស្វែងរកសេដ្ឋកិច្ចជាច្រើន ពិសេសលើវិស័យកសិកម្ម ដោយបានគៀងគរអ្នកវិនិយោគអូស្ត្រាលី មកវិនោយោគលើវិស័យនេះជាច្រើន។ ទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ទទួលបានផ្លែផ្កាកាន់តែល្អ ទាំងខាងសេដ្ឋកិច្ច កសិកម្ម នគរបាល ការពារជាតិ និងសន្តិសុខជាដើម៕