ថ្នាក់ដឹកនាំ និងមន្ដ្រីបុគ្គលិកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជាង២០០នាក់ ទទួលការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ


(ភ្នំពេញ)៖ ដើម្បីធានាបាននូវការផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ប្រធានមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន លោក តាន់ សុគុន បានអញ្ជើញឯកឧត្តមទេសរដ្ឋមន្ដ្រី ព្រុំ សុខា ជាវាគ្មិនធ្វើបទបង្ហាញគន្លឹះ ភាពជាអ្នកដឹកនាំ ដល់បុគ្គលិករបស់ខ្លួនជាង២០០នាក់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ។

ឯកឧត្តមវេជ្ជបណ្ឌិត តាន់ សុគុន បានថ្លែងថា កាលដែលឱ្យបុគ្គលិកទទួលបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំនេះ ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតនាពេលកន្លងមក និងកាត់បន្ថយចំណុចមួយចំនួនដែលមិនល្អ ឱ្យមានភាពល្អប្រសើរ ក្នុងកិច្ចការងារជាអ្នកបម្រីសេវាសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបន្ដថា «ខ្ញុំចង់ឱ្យបុគ្គលិកទាំងអស់ ក្លាយជាអ្នកដឹកនាំ មិនមែនតែខ្ញុំម្នាក់ឯងនោះទេ នៅពេលមន្ត្រីបុគ្គលិកគ្រប់ផ្នែកក្លាយជាអ្នកដឹកនាំហើយ នឹងកាន់តែស្គាល់ពីភាពទំនួលខុសត្រូវកាន់តែខ្ពស់ ពេលនោះមានកម្លាំងរួមធ្វើឱ្យមន្ទីរពេទ្យទាំងមូល មានភាពល្អប្រសើរ។ ដូច្នេះភាពជាអ្នកដឹកនាំនេះ ត្រូវយល់ដឹងតាំងពីមន្ត្រីថ្នាក់ខ្ពស់ រហូតដល់អ្នកលើកអ្នកសែងអ្នកជំងឺ ទើបការផ្តល់សេវាមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋ»

ប្រធានមន្ទីរពេទ្យរូបនេះបានបញ្ជាក់ថា គ្រូពេទ្យមានតែជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺតែម្យ៉ាង គឺមិនគ្រប់គ្រាន់នោះទេ គឺត្រូវការផ្គួបផ្សុំគ្នានឹងជំនាញទន់ផ្សេងៗ ហើយក៏មិនអាចធ្វើការងារមួយឱ្យបានជោគជ័យ ដោយមិនមានការចូលរួមសហការគ្នាជាក្រុមផងដែរ ដូចនេះគឺស្របតាមគោលការណ៍របស់ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល ដែលតែងតែលើកឡើងពីការប្រជុំ ជួយគ្នាដើម្បីដោះស្រាយបញ្ហាមួយៗ ។

ឯកឧត្តមវេជ្ជបណ្ឌិត តាន់ សុគុន បានបន្ថែមថា ការដឹកនាំក៏ដូចគ្នាដែរ សម្រាប់លោកបានចូលរួមជាច្រើនតាមរយៈសិក្ខាសាលាផ្សេងៗ ប៉ុន្តែមន្ត្រីនិងបុគ្គលិកគាត់មិនមានលទ្ធភាពទៅបានគ្រប់សិក្ខាសាលានោះទេ ព្រោះកម្មវិធីគេអញ្ជើញតែប្រធាន ឬអនុប្រធានប៉ុណ្ណោះ មន្ត្រីនិងបុគ្គលិកផ្សេងទៀត មិនមានឱកាសនោះទេ ដូច្នេះទើបលោកអញ្ជើញវាគ្មិនមានបទពិសោធន៍ជ្រៅជ្រះ មកធ្វើបទបង្ហាញពីភាពជាអ្នកដឹកនាំ ព្រោះមន្ទីរពេទ្យត្រូវការអ្នកដែលមានភាពជាអ្នកនាំតាំងពីថ្នាក់លើ រហូតដល់អ្នកលើកអ្នកសែងអ្នកជំងឺទាំងអស់តែម្តង។

ទន្ទឹមនឹងនេះ ឯកឧត្តមវេជ្ជបណ្ឌិត តាន់ សុគុន បានគូសបញ្ជាក់ថា បទបង្ហាញខាងលើនេះពិតជាមានសារៈសំខាន់ណាស់ ក្រោយពីបានរៀនចប់ នឹងដឹងថាខ្លួនឯងបានដើរដល់ចំណុចណា ហើយប្រសិនបើយើងយកទ្រឹស្តីមកបូកបន្ថែមអ្វីដែលបានអនុវត្តរាល់ថ្ងៃ នឹងធ្វើឱ្យកិច្ចការនោះរឹតតែល្អប្រសើរ៕