ប្រជាពលរដ្ឋ៣២៤គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកជើងព្រៃ បានទទួលស្រូវពូជ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ


(កំពង់ចាម)៖ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាននាំស្រូវពូជ ជាអំណោយរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋ ៣២៤គ្រួសារ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ប្រជាកសិករដែលរងគ្រោះដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង សរុបមានចំនួន ៣២៤គ្រួសារ ក្នុងនោះប្រជាពលរដ្ឋក្នុងឃុំព្រែកក់ ស្រុកស្ទឹងត្រង់ មានចំនួន ២៨៧គ្រួសារ និងប្រជាពលរដ្ឋ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ មានចំនួន ៣៧គ្រួសារ។ ដូច្នេះនៅពេលនេះ ប្រជាពលរដ្ឋទាំង ៣២៤គ្រួសារ ទទួលបានអំណោយស្រូវពូជ របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដោយក្នុង១គ្រួសារ ទទួលបានស្រូវពូជ ១០០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា នេះគឺជាការយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ក៏ដូចជា គណៈកម្មការជាតិក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត របស់យើង ដែលសម្ដេចបានគិតគូរអំពីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋ និងបានចាត់តំណាង ចែកជូន នូវពូជស្រូវទាំងនេះ ព្រមទាំងបានបង្រៀន ឱ្យបងប្អូនប្រជាពលរដ្ឋយើង ចេះដាំដុះបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ក្នុងគោលបំណងចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើង បង្កបង្កើនផល ទទួលបានទិន្នផលខ្ពស់។

សូមបញ្ជាក់ថា ក្នុងឱកាសផ្ដល់ស្រូវពូជដល់ប្រជាពលរដ្ឋនោះ ឯកឧត្តម អ៊ុង សំអាត បានណែនាំ ចែករំលែកនូវបទពិសោធន៍បច្ចេកទេសយ៉ាងលំអិត ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការដាំដុះស្រូវពូជប្រភេទ OM ៥៤៥១ ឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីទទួលបានទិន្នផលខ្ពស់ត្រឡប់មក៕