តំណាងរាស្ត្រមណ្ឌលស្វាយរៀង ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ដើម្បីត្រៀមខ្លួនទៅបោះឆ្នោតព្រឹទ្ធសភាឲ្យបានគ្រប់ៗគ្នា


(ស្វាយរៀង)៖ ឯកឧត្តមបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីឲ្យពួកគាត់ ត្រៀមលក្ខណៈក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៃព្រឹទ្ធសភា ដែលឈានចូលមកដល់នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

ពិធីសំណេះសំណាលនេះមានការចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងលោក សុខ រស់ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ព្រមទាំងលោកប្រធានគណបក្សស្រុក គណបក្សឃុំ ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តមបណ្ឌិត សម តារា បានកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមប្រឹក្សាឃុំខ្សែត្រ ស្រុកកំពង់រោងទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចំរើន និងមានសុខសុវត្ថិភាព ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧កន្លងទៅនេះ។

ឯកឧត្តមបានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើប្រទេសកម្ពុជាទទួលបាន សុខសន្តិភាពពេញផ្ទៃប្រទេសមានស្ថិរភាពនយោបាយរឹងមាំ និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចំរើនខ្លាំងក្លា លើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដើម្បីបន្តអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើន បន្ថែមទៀត ដែលបានបន្តពីយុទ្ធសាស្ត្រចតុកោណទាំង៤ ដំណាក់កាលដែលរដ្ឋាភិបាលបានដាក់ចេញឲ្យអនុវត្តកន្លងមកផងដែរ។

បន្ថែមលើសពីនេះឯកឧត្តមបណ្ឌិត សម តារា ក៏បានជំរុញឲ្យសមាជិកក្រុមប្រឹក្សាឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ទាំងអស់ ដែលជាអង្គបោះឆ្នោតត្រូវត្រៀមខ្លួនជាស្រេច ក្នុងចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាកសាងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមម្លប់នៃសុខសន្តិភាព។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សម តារា សមាជិកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ក៏បានឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំខ្សែតចំនួន៥៥០ដុល្លារ និងឧបត្ថម្ភគ្រួសារ ដែលជួបនូវគ្រោះខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី១ ខែតុលាឆ្នាំ ២០២៣ ម្សិលមិញចំនួន២០០ដុល្លារ ដើម្បីជួសជុលផ្ទះឡើងវិញផងដែរ៕